ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការបញ្ចប់ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ការពង្រីកទំហំបុរីកាន់តែធំរបស់បុរីប៉េង ហួត និងវត្តមានបុរីកាន់តែច្រើននៅតំបន់នេះ បាននិងកំពុងធ្វើឲ្យតំបន់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១កំពុងរះឡើង និងកាន់តែមានសក្តានុពលនាពេលអនាគត។
ជាមួយគ្នានេះ ការលេចវត្តមានទីក្រុងរណបកោះនរា ការបញ្ចប់ការសាងសង់ស្ពានតភ្ជាប់ រវាងទីក្រុងកោះនរា និងទីក្រុងកោះពេជ្រ ក៏បាននិងកំពុងទាក់ទាញការវិនិយោគ ពីអ្នកធុរកិច្ចជាតិ អន្តរជាតិមកកាន់តំបន់នេះកាន់តែច្រើនផងដែរ ស្របពេលផ្សារទំនើបបែបសហគមន៍ជាច្រើន បាននិងកំពុងលេចវត្តមាននៅតំបន់នេះផងដែរ។
អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វត្តមានហេដ្ឋារចនាសម្ព័ន្ឋធំៗ ការចាប់ផ្តើមបើកដំណើរការនូវផ្សារបែបសហគមន៍ ការពង្រីកបុរីជាច្រើនមកកាន់តំបន់នេះ និងការចាប់ផ្តើមសាងសង់ស្ពានតភ្ជាប់តំបន់ព្រែកប្រា និងផ្លូវ៦០ម៉ែត្រ នឹងជម្រុញសក្តានុពលអភិវឌ្ឍន៍នៅតំបន់នេះ កាន់តែខ្លាំងនាពេលអនាគត ស្របពេលចំនួនប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន។


ទាក់ទងតម្លៃដីធ្លីវិញ លោកឌិត ចណ្ណាបានឲ្យដឹងថា ប្រសិនជានិយាយពីហាងឆេងដីវិញ ដីនៅតំបន់នេះពិបាករកផងដែរ ដោយសារមានសកម្មភាពអាជីវកម្ម និងអាគារទំនើបចម្រុះច្រើនបណ្តើរៗហើយ ប៉ុន្តែបើគិតតម្លៃជាក់ស្តែងដីនៅតំបន់នេះ មានតម្លៃប្រមាណ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ (គិតចន្លោះពីស្ពានព្រះមុនីវង្ស ដល់បុរីប៉េង ហួត) ហើយបើគិតពីបុរីប៉េង ហួតឆ្ពោះទៅមុខទៀតដីមានតម្លៃចន្លោះពី៣០០ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕




