ដោយៈ គង់ សូរិយា
កោះកុងៈ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង Green Sez នឹងលេចឡើងលើទឹកដីកោះកុង ដើមឆ្នាំ២០២៤ខាងមុខនេះ។ កិច្ចប្រជុំត្រួតពិនិត្យ ទីតាំងសក្ដានុពលសម្រាប់រៀបចំអភិវឌ្ឍគំរោង តំបន់សេដ្ឋកិច្ចពិសេសបៃតង ( Green SEZ ) នៅខេត្តកោះកុង ។
ក្រោមការសម្របសម្រួលពី ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈស្ថានទូតអង់គ្លេសប្រចាំការនៅប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជំទាវ មិថុនាភូថង អភិបាលខេត្តកោះកុង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួងស្ថាប័នជំនាញ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថាគំរោង Green Sez គឺជាការបង្កើតនូវមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងគោលដៅជំរុញអោយកម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែស្រវ៉ាក់ផ្គត់ផ្គង់បៃតងនៃទីផ្សារសកល ដើម្បីអាចទាក់ទាញវិនិយោគិនធំៗពីបរទេស និងគាំទ្រទៅដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ រីឯសារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងគិតគូរផ្នែកបរិស្ថានចក្រា ចំពោះវិស័យសំខាន់ៗរួមមានគ្រឿងអេឡិចត្រូនិក និងវាយនភណ្ឌសំលៀកបំពាក់។
ដោយឡែកទុនវិនិយោគមានប្រមាណពី ៤០០ទៅ៨០០រយលានដុល្លារអាមេរិក ទម្រង់វិនិយោគតាមយន្តការ PPP ក្នុងទម្រង់ជាក្រុមហ៊ុនវិនិយោគទុនរួមគ្នា រវាងរាជរដ្ឋាភិបាល និងដៃគូរឯកជន ក្នុងអង្គប្រជុំនោះបានពិភាក្សាលើការពិនិត្យ និងវាយតម្លៃនូវទីតាំងគំរោងបឋមជាច្រើនទៀតដូចជា÷
១.គំរោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅខេត្តកោះកុង ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ផ្លូវមាត់សមុទ្រភ្ជាប់ពីផ្លូវជាតិលេខ៤៨៕
២.គំរោងថាមពលកកើតឡើងវិញ គំរោងវារីអគ្គសនីតាតៃលើ និងស្ទឹងមេទឹក ព្រមទាំងគំរោងផ្សេងៗទៀត កំពង់ផែអន្តរជាតិនិងកំពង់ផែទឹកជ្រៅ អាកាសយាន្តដ្ឋានអន្តរជាតិ។
មូលដ្ឋាននៃការជ្រើសរើសខេត្តកោះកុង សំរាប់បង្កើតគំរោង ដោយសារខេត្តកោះកុងមានដីទំនេរលើសពី៣០០ហិចតា ដែលសាកសមសំរាប់ការអភិវឌ្ឍន៍រយៈពេលវែងសំរាប់គំរោងទីតាំងជាប់ច្រកព្រំដែនជាមួយថៃ និងជាប់ឈូងសមុទ្រថៃ អាចទាញយកប្រយោជន៍ផ្នែកពាណិជ្ជកម្មពីតំបន់នេះ និងបង្កើតភាពទាក់ទាញផ្នែកវិនិយោគដល់ដៃគូរឯកជន។ ក្នុងឪកាសនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើរដល់រដ្ឋបាលខេត្តកោះកុងនូវចំនុចអាទិភាពមួយចំនួនរួមមាន:
១.ការផ្តល់ជម្រើសនៃទីតាំងដែលមានសក្តានុពល ជ្រើសរើសទីតាំងមានទំហំដី៣០០ហិចតា មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់ និងចៀសវាងតំបន់អភិរក្សធម្មជាតិ។
២.ការរៀបចំចុះពិនិត្យទីតាំងគំរោងជាមួយស្ថានទូតចក្រភពអង់គ្លេស និង CDC នៅខែមករា ឆ្នាំ២០២៤។
៣.ជម្រើសនៃការវិនិយោគនៅលើទីតាំងដីដូចជា ការជួលទីតាំងដី ការលក់ដីឬការផ្តលដីសំរាប់ជាការវិនិយោគរបស់រាជរដ្ឋាភិបាល។
៤.ស្នើរសុំរដ្ឋបាលខេត្តកោះកុង បន្តផ្តល់កិច្ចសហការសម្របសម្រួល ដើម្បីជំរុញការអភិវឌ្ឍគំរោងនេះ ដើម្បីជាសមិទ្ធិផលសំរាប់ខេត្តកោះកុង និងសំរាប់ប្រទេសកម្ពុជា៕