កោះកុង :នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក អន ដាវុធ អះអាងថា គម្រោងស្ថាបនាស្ពានបេតុងថ្មីកោះយ៉ ស្ថិតនៅឃុំប៉ាក់ខ្លង គឺបានបញ្ចប់ជាស្ថាពរហើយនៅចុងខែមិថុនា កន្លងទៅ ដោយបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្នសិន។ ស្ពានកោះយ៉ថ្មីនេះ ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២ ដែលក្រុមការងារជំនាញដុតដៃដុតជើងកសាងឡើងបម្រើជាប្រយោជន៍សាធារណៈសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអ្នកទេសចរ។ លោក អន ដាវុធ លើកឡើងទៀតថា ដោយមើលឃើញពីស្ថានភាពរដូវវស្សាលំបាកធ្វើដំណើរបងប្អូនពលរដ្ឋលើស្ពានកោះយ៉ចាស់ងាយនឹងបង្កគ្រោះថ្នាក់ ក៏សម្រេចចិត្តអនុញ្ញាតឱ្យធ្វើដំណើរស្ពានបេតុងកោះយ៉ដែលទើបកសាងរួចរាល់នេះជាបណ្តោះអាសន្នសិន។គួរកត់សម្គាល់ថា ស្ពានកោះយ៉ថ្មីដែលស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានប្រវែង១២៦ ម៉ែត្រ និងទទឹង១១ម៉ែត្រ ក្នុងនោះបានប្រើប្រាស់ថវិកាស្ថាបនាអស់ប្រមាណ១លាន៤០ម៉ឺនដុល្លារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កន្លងទៅ មានទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ សុទ្ធតែបង្ហាញការសប្បាយរីករាយពេលដឹងថា មានសមិទ្ធផលជាស្ពានបេតុងរឹងមាំមួយជំនួសស្ពានកោះយ៉ចាស់ដែលទ្រុឌទ្រោមខ្លាំង និងងាយគ្រោះថ្នាក់ចរាចរណ៍ ពិសេសរដូវវស្សាតែម្ដង។
ស្ពាននេះវាជាចំណងដៃថ្មីមួយ សម្រាប់មូលដ្ឋានស្រុកមណ្ឌលសីមា ព្រមទាំងផ្តល់ការចរាចរណ៍ប្រកបដោយសុវត្ថិភាព និងទាក់ទាញកំណើនភ្ញៀវទេសចរមកលេងកម្សាន្ត ស្ទើរគ្រប់រដូវកាល៕