កម្ពុជាសម្រេចបានទឹកប្រាក់ជាង២១ពាន់លានដុល្លារអាមេរិក លើការនាំចេញក្នុងរយៈពេល១១ខែ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រយៈពេល ១១ ខែ ឆ្នាំ២០២៣ កម្ពុជា​សម្រេច​បាន​ទំហំពាណិជ្ជកម្មអន្តរជាតិបាន៤៣.៥២ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានចំនួន២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.០៨% បើធៀបនឹងការនាំចេញរយៈពេល​១១ខែ ឆ្នាំ២០២២។

ថ្លែងនៅក្នុង​សន្និបាតបូកសរុប​លទ្ធផល ការងារ​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹកមិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​បានបញ្ជាក់ថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន២៦.៥៧ ពាន់លានដុល្លារអាមេរិក ដែលការនាំចេញមានទំហំ៧.២១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧.២៩ភាគរយ។

លោកជំទាវរដ្ឋមន្រ្តីបានអះអាង​ថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុង​​ការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការបន្តពង្រឹងគុណភាពធនធានមនុស្ស លើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែ​ទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។

ក្រសួង​នឹងនៅ​តែ​បន្តការ​ធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាព នៃការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេ​ស ការអភិវឌ្ឍ​ទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាស​អំណោយផល ដល់ការធ្វើធុរកិច្ច និងការវិនិយោគក៏ដូចជា ពង្រឹងភាពប្រកួតប្រជែងនៃទំនិញ នាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ដើម្បី​ប្រែក្លាយកម្ពុជា​ទៅជាប្រភព ដែលអាចទុកចិត្តបានសម្រាប់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក (Reliable Food Supply Chain) ក្រសួងពាណិជ្ជកម្ម ក្នុងតួនាទីជាអាណាព្យាបាលបច្ចេកទេសរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបើកទីផ្សារ និងជំរុញការនាំចេញស្រូវ-អង្ករ និងកសិផលសំខាន់ៗជាច្រើន។

ទន្ទឹមនឹងនេះក្រសួង ក៏បានជំរុញនាំចេញកសិផលមួយចំនួនទៀតទៅកាន់ទីផ្សារអន្តរជាតិរួមមាន ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ ម្សៅដំឡូង ផ្លែស្វាយស្រស់ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទី ម្រេច គ្រាប់ពោត សណ្ដែក​បាយ សណ្ដែកសៀង ដូង ប្រេង និងបន្លែជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here