ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអភិបាលខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំរចនាសម្ព័ន្ឋនានានៃការបង្កើតរដ្ឋបាលក្រុងរ៉ុនតាឯក ខេត្តសៀមរាប។
កិច្ចប្រជុំ ដែលបានប្រារពឡើងកាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៣ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចួលរួមពីឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធ។
លោកប្រាក់ សោភ័ណ មានប្រសាសន៍ថា ភូមិធម្មជាតិរុនតាឯក គឺស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានប្រជាពលរដ្ឋរស់នៅ៤៤២គ្រួសារ ហើយត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិវឌ្ឍជាភូមិធម្មជាតិរុនតាឯក ដោយសារតែបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានស្ម័គ្រចិត្តទៅរស់នៅទីនោះ ដែលបានផ្តល់ផ្ទះ និងដីសម្រាប់កសិកម្ម ។លោកបន្តថា នៅក្នុងដំណាក់កាលទី៣នេះ រាជរដ្ឋាភិបាលបានផ្តល់ដីឡូតិ៍ ចំនួន១១២៦ឡូត៌ ដើមី្បធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅដីចំណីស្ទឹងសៀមរាប ក្នុងពេលធ្វើការអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ និង រៀបចំសោភ័ណភាពដងស្ទឹងសៀមរាប ហើយនៅក្នុងដំណាក់កាលទី៤នេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ម័ត្រចិត្តចាកចេញ ពីតំបន់រមណីយដ្ឋានអង្គរ មានដីចំនួន៥ ៨៦៥ឡូតិ៍ មានប្រជាពលរដ្ឋចំនួន៥៨៦៥គ្រួសារ ខណៈបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋ ទៅរស់នៅតំបន់រុនតាឯកចំនួន៦៤៤៥គ្រួសារ។
តំបន់នេះបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក សាលារៀន ,មន្ទីរពេទ្យ វត្តអារាម ផ្សារ លក់ដូរ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទៀតផង ។លោកប្រាក់ សោភ័ណបន្តទៀតថា អនុវត្តទៅតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យក្លាយទៅជាក្រុងមួយ ដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ ក្នុងតំបន់រមណីយដ្ឋានអង្គរ មករស់នៅទីនេះ សម្តេចធិបតីហ៊ុន ម៉ាណែន បានផ្តល់នូវប័ណ្ណសមធម៌ដល់បងប្អូន ដែលបានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីទ្រទ្រង់ជីវភាពរបស់បងប្អូន ទៅកាន់ទីតាំងថ្មី ប៉ុន្តែការរៀបចំក្រុងរុនតាឯក ក្នុងជំហានដំបូងនេះ គឺអាចអនុវត្តនូវឃុំចំនួន២ គឺឃុំរុនតាឯក របស់ស្រុកបន្ទាយស្រី និងឃុំបល័ង្គ របស់ស្រុកប្រាសាទបាគង ។
ជាមួយគ្នានេះ លោកប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដោយផ្អែកទៅលើការវិនិច្ឆ័យ ក្នុងការបង្កើតជាទីក្រុង ដោយផ្តោតទៅលើចំនួនប្រជាពលរដ្ឋជាធំ និងសក្តានុពលផ្នែកសេវាកម្ម ពាណិជ្ជកម្ម ប្រព័ន្ធរោងចក្រ ឧស្សាហកម្ម ដែលមានកសិកម្ម៣០ភាគរយយ៉ាងច្រើន ហើយតាមការចុះពិនិត្យទៅលើឃុំ៣ គឺមានតែឃុំពីរទេ ដែលអាចបង្កើតជាក្រុងបាននោះ គឺឃុំ រុនតាឯក ស្រុកបន្ទាយស្រី និង ឃុំបល័ង្គ ស្រុកប្រាសាទបាគង ដែលជាឃុំមានហេដ្ឋារចនាសម្ព័ន្ធសមស្រប ទៅនឹងលក្ខ័ន្តក្នុងការបង្កើត ទីក្រុងបាន ។
លោករដ្ឋលេខាធិការ បានណែនាំដល់អាជ្ញាធរខេត្ត ត្រូវធ្វើការពិភាក្សាឲ្យបានជាក់លាក់ ជាមួយក្រុមប្រឹក្សាខេត្ត ក្នុងការដាក់ឈ្មោះទីក្រុងថ្មីនេះ ព្រមទាំងត្រូវពន្លឿន ក្នុងការរៀបចំធ្វើសំណើជាបន្ទាន់ ដើមី្បដាក់ជូនដល់រាជរដ្ឋាភិបាល ស្នើសុំទៅរដ្ឋសភា សុំការសម្រេចជាផ្លូវការ ព្រោះតំបន់រុនតាឯកនេះ ក៏ជាសក្តានុពលនៃវិស័យទេសចរណ៍មួយផងដែររបស់ខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទៅទស្សនាកម្សាន្ត៕