ដោយ: គង់ លាងហួរ
ហាណូយៈ មន្ត្រីជាន់ខ្ពស់របស់វៀតណាមម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទស៊ីសំណូកសូកប៉ាន់ ការរំលោភអំណាច និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងក្រុមហ៊ុនពាណិជ្ជកម្មប្រេង។
យោងតាមក្រសួងសន្តិសុខ របស់ប្រទេសវៀតណាមបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ថា ប៉ូលីសវៀតណាមបានចាប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោកDo Thang Hai ក្រោមការចោទប្រកាន់ពីបទស៊ីសំណូក។
ក្រសួងសន្តិសុខសាធារណៈ ដែលគ្រប់គ្រងដោយប៉ូលិសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Hai ត្រូវបានឃុំខ្លួន ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតលើការចោទប្រកាន់ថា លោកបានប្រព្រឹត្តខុស នៅឯក្រុមហ៊ុនពាណិជ្ជកម្មប្រេងមួយ កន្លែងនៅភាគខាងត្បូងប្រទេសវៀតណាម។
ការចាប់ខ្លួននេះកើតមានឡើង ស្របពេលដែលប្រទេសវៀតណាម កំពុងបើកយុទ្ធនាការប្រឆាំងអំពើពុករលួយ។ ក្រោមយុទ្ធនាការនេះ មន្ត្រីរាប់រយនាក់ត្រូវបានស៊ើបអង្កេត និងជាច្រើននាក់ត្រូវបានបង្ខំឱ្យលាលែងពីតំណែង រួមទាំងអតីតប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីពីររូបផងដែរ។
កាសែតរដ្ឋវៀតណាម Tuoi Tre បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ូលីសក៏បានចុះទៅឆែកឆេរផ្ទះរបស់លោក Hai និងការិយាល័យរបស់លោកផងដែរ។ទោះជាយ៉ាងនេះក្តី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មាន Reuters នោះទេ។
លោក Hai បានធ្វើជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអស់ជាច្រើនឆ្នាំមកហើយ។ លោកបានធ្វើជាអនុរដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ នៅក្រសួង លោកទទួលបន្ទុកលើនាយកដ្ឋានទីផ្សារក្នុងស្រុក នាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក ការិយាល័យឧស្សាហកម្ម ព្រមទាំងផ្តល់ការណែនាំដោយផ្ទាល់លើវិស័យនានាដូចជាប្រេងឥន្ធនៈ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារនៃបណ្តាប្រទេសអឺរ៉ុប និងអាមេរិក៕