ដោយៈ គង់ សូរិយា
ពោធិសាត់ៈ ក្រសួងទេសចរណ៍គាំទ្រព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival) ដែលរៀបចំដោយវិស័យឯកជនមួយក្រុម។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកគុជ បញ្ញាសា រួមជាមួយលោកសាយ សុជាតិ អភិបាលរងខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival)” ដោយមានការចូលរួមពីរដ្ឋបាលស្រុកវាលវែង វិស័យឯកជន និងទេសចរប្រមាណ៣០០រូប ក្រោមកិច្ចសហការរៀបចំ ដោយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាហ្វេភ្នំ ក្រុមហ៊ុន Wonderpass Technology, Solo Landscapes និងKai Creative Station។
ព្រឹត្តិការណ៍ខាងលើរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗរួមមានទី១ ជំរុញចលនាទេសចរណ៍ក្នុងស្រុក ស្របតាមស្មារតីរបស់ក្រសួងទេសចរណ៍ “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” ទី២ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគតំបន់ភ្នំ១,៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ រមណីយដ្ឋានទេសចរណ៍ប្រណិត និងធម្មជាតិដ៏ស្រស់ បំព្រងសមជាគោលដៅ “បុប្ផាលាក់ខ្លួន” នៃខេត្តពោធិ៍សាត់។
ទី៣ ភ្ជាប់ទំនាក់ទំនងរវាងវិស័យរដ្ឋាភិបាល និងឯកជន ជាពិសេសលើកទឹកចិត្ត ដល់អ្នកវិនិយោគគោលដៅទេសចរណ៍ នៅក្នុងតំបន់ភ្នំ១,៥០០ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ ទាក់ទាញទេសចរណ៍នានា។ ទី៤ជំរុញលើកកម្ពស់បច្ចេកវិទ្យា ក្នុងវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយឌីជីថល និងការកក់សំបុត្រ ចូលរួមតាមប្រព័ន្ធ Wonderpass Technology៕