ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ទិន្នន័យជំរឿនសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់យ៉ាង
ខ្លាំងក្នុងរចនាសម្ព័ន្ឋសេដ្ឋកិច្ច ដោយជួយឱ្យអ្នកធ្វើគោលនយោបាយអាចមើលឃើញ ធ្លុះស៊ីជម្រៅទៅក្នុងរចនាសម្ព័ន្ធ ជីវភាព និងសមិទ្ធកម្ម នៃសេដ្ឋកិច្ចមួយ។
សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២នាព្រឹកថ្ងៃទី២៦ ធ្នូនេះ។សម្តេចបនម្តថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណង ចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពី អង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេ នៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។
បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ច ក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់ជ្រើសរើសសំណាកគំរូ នៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។សម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិន្នន័យស្ថិតិប្រកបដោយគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងមួយដែលអ្នកធ្វើគោលនយោបាយត្រូវការ ដោយមិនអាចខ្វះបាន សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រយៈពេលខ្លី មធ្យម និងវែង។
សម្តេចធិបតីបានបន្តថា “ទិន្នន័យជំរឿនសេដ្ឋកិច្ចដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំ គោលនយោបាយ ដោយផ្តល់នូវការឆ្លុះបញ្ចាំង ឱ្យឃើញស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច ការកំណត់កាលានុវត្តភាពសម្រាប់កំណើន និងការរៀបចំតាក់តែងគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសម្រាប់ការអភិវឌ្ឍ ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹង ពីតម្រូវការជាក់លាក់តាមវិស័យ បែងចែកធនធានប្រកបដោយប្រសិទ្ធភាព កំណត់វិធានការអន្តរាគមន៍នានាតាមមុខសញ្ញា និងតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដែលជាចុងក្រោយ ទិន្នន័យជំរឿនសេដ្ឋកិច្ចនឹងរួមចំណែក ដល់ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម”។
សម្តេចធិបតីបានបញ្ជាក់ទៀតថា “ទិន្នន័យជួយឱ្យការវិភាគការងារទាំងឡាយបានច្បាស់លាស់ និងមិនប្រថុយប្រថាន”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ជាមោទនភាពមួយ ដែលកម្ពុជា អាចធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ដោយខ្លួនឯង ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់មន្ត្រី។ សម្តេចធិបតីបន្តថា “ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ឱ្យកម្ពុជាដើរទៅមុខ និងសម្រេចផែនការជាតិទាំងឡាយ៕