ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបដិសណ្ឋារកិច្ច Dusit International គ្រោងនឹងបើកសណ្ឋាគារថ្មី ជាង១០ទីតាំងបន្ថែមទៀត នៅក្រៅប្រទេស ក្នុងឆ្នាំ២០២៤ខាងមុខ ស្របពេលដែលតម្រូវការ លើធ្វើដំណើរកំពុងស្ទុះងើបឡើងវិញ។
លោក Siradej Donavanik អនុប្រធានផ្នែកអភិវឌ្ឍន៍សកលនៅក្រុមហ៊ុន Dusit International បានលើកឡើងថា ឧស្សាហកម្មទេសចរណ៍បានកម្រើកឡើងវិញ ពីជំងឺរាតត្បាត ដោយសារការហោះហើរអន្តរជាតិបានកើនឡើង ហើយតម្លៃសំបុត្រយន្តហោះ ត្រូវបានគេព្យាករណ៍នឹងធ្លាក់ចុះនៅឆ្នាំក្រោយ។ លោកបានបន្តថា ការអភិវឌ្ឍន៍សណ្ឋាគាររបស់ក្រុមហ៊ុន Dusit នឹងផ្តោតលើការចូល ទៅក្នុងទីផ្សារថ្មីនៅតំបន់អាស៊ី តំបន់អឺរ៉ុប និងតំបន់អាហ្វ្រិក ដើម្បីធ្វើពិពិធកម្មផលប័ត្ររបស់ខ្លួន។ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន២ រួចមកហើយនៅក្នុងទីក្រុង Kyoto ប្រទេសជប៉ុន ស្ថិតក្រោមម៉ាកយីហោ Dusit Thani និង Asai ហើយក្រុមហ៊ុនគ្រោង នឹងបើកសណ្ឋាគារថ្មីៗបន្ថែម នៅក្នុងទីក្រុងធំៗរបស់ប្រទេសជប៉ុន ដូចជាទីក្រុង Osaka ជាដើម។ លោក Siradej បានគូសបញ្ជាក់ថា ទីតាំងថ្មីសម្រាប់ការអភិវឌ្ឍន៍សណ្ឋាគារ ដែលក្រុមហ៊ុនកំពុងពិចារណា ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ទីក្រុងម៉ាឡាកា និងទីក្រុងកូឡាឡាំពួរ ក្នុងប្រទេសម៉ាឡេស៊ី។
លោក Siradej បានបន្តទៀតថា ក្រុមហ៊ុនDusit ចង់បើកសណ្ឋាគារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ថែមពីលើផ្ទះវីឡា ដែលមានស្រាប់ក្រោមម៉ាកយីហោ Elite Havens ។ ជាមួយគ្នានេះ ក្រុមហ៊ុន Dusit International ក៏កំពុងសិក្សាទីតាំងថ្មីក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំងផងដែរ ខណៈក្រុមហ៊ុននេះ គ្រោងសាងសង់គម្រោងសណ្ឋាគារ Dusit Suites នៅទីក្រុង Athens ប្រទេសក្រិក។ លោកបានបន្ថែមថា លើសពីនេះ ក្រុមហ៊ុន Dusit International គ្រោងពង្រីកខ្លួនទៅកាន់ទីក្រុងផ្សេងទៀត ក្នុងទ្វីបអាហ្រ្វិក ដើម្បីកសាងវត្តមានរបស់ខ្លួន នៅទីក្រុងណៃរ៉ូប៊ី(Nairobi) ប្រទេសកេនយ៉ា៕