ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ដោយសារអត្រាការប្រាក់ លើកម្ចីទិញផ្ទះបានធ្លាក់ចុះបន្តិចម្តងៗពីកម្រិតខ្ពស់បំផុត ដែលឈានដល់នៅឆ្នាំ២០២៣នេះ។
ការលក់ផ្ទះដែលទើបសាងសង់ថ្មី បានធ្លាក់ចុះ១២,២% នៅក្នុងខែវិច្ឆិកា ដល់៥៩០.០០០យូនីត បើធៀបនឹងការលក់ចំនួន៦៧២.០០០យូនីត ក្នុងខែតុលា។ នេះបើយោងតាមរបាយការណ៍រួមពីក្រសួងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុង និងការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែបើធៀបនឹងឆ្នាំមុន ការលក់ផ្ទះថ្មីបានកើនឡើង១,៤%។
តួលេខនៃការលក់ផ្ទះប្រចាំខែវិច្ឆិកា គឺទាបជាងការរំពឹងទុករបស់អ្នកវិភាគ ដែលបានព្យាករណ៍ការលក់ ចំនួន៦៨៥.០០០យូនីត និងជាការធ្លាក់ចុះយ៉ាងខ្លាំង បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយ ដោយកាសែតអាមេរិក CNN។ចំណែក ការលក់ផ្ទះដែលមានស្រាប់ នៅសហរដ្ឋអាមេរិក បានស្ថិតក្នុងកម្រិតទាបបំផុត ក្នុងរយៈពេល៣០ឆ្នាំ។ ការលក់ផ្ទះដែលមានស្រាប់ទាំងនេះ មាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ លើកលែងតែការកើនឡើង ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងខែវិច្ឆិកាប៉ុណ្ណោះ។
លោកស្រី Lisa Sturtevant ប្រធានសេដ្ឋវិទូរបស់ទីភ្នាក់ងារអចលនទ្រព្យ Bright Multiple Listing Service លើកឡើងថា “ការលក់ផ្ទះថ្មីសរុបនៅឆ្នាំនេះរំពឹងថា នឹងកើនឡើងជិត១០ភាគរយ ធៀបនឹងឆ្នាំមុន។ ផ្ទុយទៅវិញ ការលក់ផ្ទះដែលមានស្រាប់ បានធ្លាក់ចុះជិត២០% ធៀបនឹងឆ្នាំមុន”។ចំណែកឯ នៅប្រទេសចិនវិញ ទីភ្នាក់ងារពត៌មាន Caixin បានរាយការណ៍ថា ការលក់ផ្ទះបានធ្លាក់ចុះក្នុងខែវិច្ឆិកា ដោយសារអ្នកទិញនៅតែប្រុងប្រយ័ត្ន ចំពោះភាពចលាចល នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសនេះ។
យោងតាមទិន្នន័យបឋមពីក្រុមហ៊ុន China Real Estate Information Corp. បានឱ្យដឹងថា តម្លៃនៃការលក់ផ្ទះថ្មីក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ធំបំផុតទាំង១០០ បានធ្លាក់ចុះ២៩,៦% ធៀបនឹងឆ្នាំមុន មកនៅត្រឹម៣៩០,១៩ពាន់លានយ័ន (ប្រហែល៥៤,៦ពាន់លានដុល្លារ)។
ការលក់ផ្ទះថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះ៤,១% ក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលា។ ការលក់ប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំង១០០ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ១៥% ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ខាងលើ។
ដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសរបស់ខ្លួន អាជ្ញាធរចិន បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះ និងបន្ថយលក្ខខណ្ឌនៃការកក់ប្រាក់មុន៕