ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនជាតិ អន្តរជាតិមួយចំនួន នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ គំរោងខុនដូរបស់ខ្លូននៅឆ្នាំ២០២៤ខាងមុខនេះ។
លោកបន្តឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ អ្នកអភិវឌ្ឍន៍បានចាប់ផ្តើម មើលឃើញឱកាសក្នុងទីផ្សារឡើងវិញ ដោយពួកគាត់នឹងចាប់ផ្តើមសាងសង់ខុនដូ ចន្លោះពី៣ ទៅ៤គំរោង ដែលគំរោងភាគច្រើន ស្ថិតនៅក្នុងតំបន់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។លោកបានបន្តថា “ទីផ្សារខុនដូចាប់ផ្តើមមានសភាពល្អប្រសើរឡើងវិញ ដោយជនបរទេសកាន់តែច្រើន បានវិលមកកាន់ទីផ្សារកម្ពុជាឡើងវិញ”។ លោកបន្តថា “ជនជាតិម៉ាឡេស៊ី សឹង្ហបុរី កូរ៉េ ជប៉ុន ភូមា រុស្ស៊ីជាដើមបានចាប់ផ្តើមវិនិយោគលើខុនដូនៅកម្ពុជា”។
]លោកខន គង្គាបានបន្តទៀតថា ក្នុងចំណោមជនបរទេសទាំងនោះ អ្នកទិញខុនដូភាគច្រើនបានទិញសម្រាប់ស្នាក់នៅ និងវិនិយោគយកផលចំណេញ ដោយសារតែទីផ្សារនេះមានភាពល្អប្រសើរ ព្រោះតម្លៃបានធ្លាក់ចុះ ដល់កម្រិតមួយដែលអ្នកវិនិយោគ មើលឃើញផលចំណេញខ្ពស់ពីការវិនិយោគ។លោកបន្តថា “ផលចំណេញពីការវិនិយោគលើខុនដូ នឹងមានអត្រាចំណេញកាន់តែខ្ពស់នាពេលអនាគត”៕