ដោយ: គង់ លាងហួរ
ភ្នំពេញ: របាយការណ៍របស់ក្រសួងទេសចរណ៍ បានចេញផ្សាយឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសកម្ពុជាបានទាក់ទាញ ភ្ញៀវទេសចរចិនចំនួនជិតកន្លះលាននាក់ ក្នុងអំឡុងពេល១១ខែដំបូង នៃឆ្នាំនេះ កើនឡើង៤៤៩ភាគរយ បើធៀបត្រឹមតែ៩០.៦៤៨នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបានបន្តថា ចំនួនខាងលើនេះគ្របដណ្តប់១០,១ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិ សរុប៤,៩១លាននាក់ ដែលបានចូលមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២៣នេះ។
របាយការណ៍នេះបានឱ្យដឹងទៀតថា ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេទី៣ មកកាន់កម្ពុជា បន្ទាប់ពីប្រទេសថៃ និងវៀតណាម ដោយបានបន្ថែមថា ជនជាតិថៃប្រមាណ១,៦៥លាននាក់ និងជនជាតិវៀតណាម ចំនួន៩២០.០៩៣នាក់ បានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំនេះ ដោយកើនឡើង១៣០ភាគរយ និង១២៩ភាគរយរៀងៗគ្នា។លោកតុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាចង់ឃើញភ្ញៀវទេសចរចិនមកកម្សាន្តកាន់តែច្រើន ដោយធានាថាប្រទេសនេះ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
លោកបានប្រាប់សារពត៌មាន Xinhua ថា “យើងចង់បានភ្ញៀវទេសចរចិនកាន់តែច្រើន ដោយសារពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍របស់យើង ក៏ដូចជាការកាត់បន្ថយភាពក្រីក្រផងដែរ”។
វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់កម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា មិនមានក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីៗ បានហោះហើរមកកម្ពុជានៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ចិននានា ដែលបានភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា បានបង្កើនចំនួនជើងហោះហើរមកកាន់ប្រទេសរបស់យើង។
លោកបន្តថា “នេះជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យអាកាសចរណ៍ ក៏ដូចជាសម្រាប់វិស័យទេសចរណ៍ និងការធ្វើធុរកិច្ចរវាងចិន និងកម្ពុជា”៕