ដោយៈ គង់ ម៉ាលីនណា
ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោកគួច ចំរើនបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធបើកដំណើរការ DV PAY សាខាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកគួច ចំរើន បានមានប្រសាសន៍បើកឱ្យដំណើការ DV PAY សាខាខេត្តព្រះសីហនុ ជាផ្លូវការនាពេលនេះ ស្របពេលដែលអ្នកវិនិយោគទុន មានជំនឿជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន រមណីយដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្ត ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត សប្បាយយ៉ាងច្រើនកុះករ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណក្រុមហ៊ុន DV PAY បានពង្រីកខ្លួនលើផ្នែកសេវាកម្មជាបន្តបន្ទាប់ និងជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសំខាន់សម្រាប់អតិថិជន ព្រមទាំងបានកោតសរសើ និងលើកទឹកចិត្ត និងស្មារតីដែលក្រុមហ៊ុន DV PAY កំពុងបានអនុវត្ត ស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភីបាលអាណត្តិទី៧ ដែលបានដាក់ចេញនូវបច្ចេកវិទ្យាឌីជីថល តាមរយៈការចាយលុយ និងការរក្សាសុវត្ថិភាពលុយ សេវាកម្មទូទាត់សាច់ប្រាក់ មានការកើនឡើង ដើម្បីពង្រឹងគុណភាព សមត្ថភាពដល់អតិថិជនជាអ្នកប្រើប្រាស់ និងបានចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារជូនប្រជាពលរដ្ឋ រួមចំណែកផ្តល់ភាពងាយស្រួលលឿន ឆាប់ និងសុវត្ថិភាពសាច់ប្រាក់បានថែមទៀត និងសូមឱ្យក្រុមហ៊ុនDV PAY សាខាខេត្តព្រះសីហនុ ទទួលបានជោគជ័យ ក្នុងប្រតិបត្តិការរបស់ខ្លួន និងមានការគាំទ្រយ៉ាងច្រើនឡើងពីអតិថិជននាពេលខាងមុខ៕