ដោយ: គង់ លាងហួរ
តូក្យូ: កាលពីថ្ងៃច័ន្ទ ទី២៥ ខែធ្នូ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានស្នើក្រុមហ៊ុននានាដំឡើងប្រាក់ខែឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤ ក្នុងគោលដៅជួយដល់ប្រជាជនក្នុងការចំណាយថ្លៃរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យអតិផរណាមានស្ថិរភាព។
ក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុនJapan Business Federation កាលពីថ្ងៃទី២៥ ខែធ្នូ លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានអំពាវនាវឱ្យក្រុមហ៊ុនដំឡើងប្រាក់បៀវត្សកាន់តែខ្ពស់ ស្របពេលដែលការចំណាយលើថ្លៃរស់នៅកាន់តែហក់ឡើងខ្លាំង។
លោកបន្តថា “ខ្ញុំចង់ស្វែងរកកិច្ចសហប្រតិបត្តិការរបស់អ្នក ដើម្បីធ្វើឱ្យប្រាក់បៀវត្សនៅឆ្នាំក្រោយខ្ពស់ជាងប្រាក់បៀវត្សនៅឆ្នាំនេះ”។ លោក គីស៊ីដា បានបញ្ជាក់ថា វាចាំបាច់ណាស់ក្នុងការជួយគាំទ្រចំពោះចំណូលរបស់ប្រជាជន ខណៈការកាត់បន្ថយពន្ធ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។ 
ការអំពាវនាវរបស់លោក Fumio Kishida បានធ្វើឡើង មុនពេលមានការចរចាដំឡើងប្រាក់បៀវត្សរវាងអ្នកគ្រប់គ្រង និងសហភាពការងារ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤ឆាប់ៗខាងមុខ។






