ដោយៈ គង់ ហ្វីអូណា
        ភ្នំពេញៈ នៅក្នុងទីផ្សារលំនៅឋាននៅកម្ពុជា ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈស្រដៀងគ្នាច្រើន ហើយវាជាប្រភេទលំនៅឋាន ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជនខ្មែរ។
មនុស្សភាគច្រើនគិតថា ប្រភេទផ្ទះទាំងពីរគឺដូចគ្នា ដោយមួយគ្រាន់តែជាផ្ទះសម្រាប់លក់ដូរ និងប្រកបរបរអាជីវកម្ម និងមួយទៀតសម្រាប់រស់នៅធម្មតា។ ប៉ុន្តែតាមការពិតទៅ ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈខុសគ្នា និងមានមុខងារផ្សេងគ្នាមួយចំនួន ដែលគេអាចកំណត់សម្គាល់បានដូចខាងក្រោម។
 
-->
 
 
ផ្ទះល្វែងជាធម្មតាមានទំហំធំ ហើយវែងជាងប្រភេទផ្ទះអាជីវកម្ម ដោយផ្ទះល្វែង ត្រូវបានសាងសង់ជាពិសេសសម្រាប់ការរស់នៅ។ ជាទូទៅ ផ្ទះល្វែងត្រូវបានសាងសង់ នៅជួរខាងក្រោយគេបង្អស់ ឬផ្លូវក្រោយនៃគម្រោងបុរី។ កំពស់របស់ផ្ទះល្វែង ត្រូវបានគេសាងសង់ឡើងដែលអាចមានកំពស់៣ឬ៤ជាន់។
លក្ខណៈសំគាល់ទូទៅនៃផ្ទះល្វែងរួមមាន៖ សំណង់ផ្ទះល្វែងត្រូវបានសង់នៅផ្លូវខាងក្រោយ ឬផ្លូវក្នុងនៃគម្រោងបុរី សាងសង់ជាប់គ្នាដោយមានជញ្ជាំងរួមគ្នា ពីមួយខ្នងទៅមួយខ្នង មានកំពស់អាចដល់៤ជាន់ មានតម្លៃលក់ក្នុងមួយល្វែងជាមធ្យម ចាប់ពី៥ម៉ឺនទៅជាង១០ម៉ឺនដុល្លារ មានទទឹងធំជាងផ្ទះអាជីវកម្ម បណ្តោយពី១៦ – ២០ ម៉ែត្រ និងមានដីសល់មុខផ្ទះពី៤- ៦ម៉ែត្រ និងក្រោយផ្ទះ១ ទៅ២ម៉ែត្រ។
ផ្ទះអាជីវកម្មត្រូវបានគេស្គាល់ថា ជាប្រភេទផ្ទះដែលមានភាពស្រដៀងគ្នាទៅនឹងផ្ទះល្វែង ហើយត្រូវបានប្រើសម្រាប់បង្កើតប្រាក់ចំណូលប្រចាំខែ ដែលផ្ទះនោះត្រូវបានធ្វើជាហាងលក់ទំនិញ ការិយាល័យ ឬសកម្មភាពសេដ្ឋកិច្ចណាមួយ ចំណែកឯជាន់ខាងលើអាចជាកន្លែងស្នាក់នៅ។
គម្រោងលំនៅឋានជាច្រើន បានសាងសង់ផ្ទះអាជីវកម្ម ស្ថិតនៅមុខជាប់នឹងផ្លូវធំតែម្តង។លក្ខណៈទូទៅរបស់ផ្ទះអាជីវកម្មរួមមាន៖ សំណង់ត្រូវបានសាងសង់ជាប់នឹងផ្លូវធំ ឬជាប់ផ្លូវកែង សាងសង់ជាប់ៗគ្នា មានកំពស់ប្រមាណ២ ឬ៣ជាន់និងមានជញ្ជាំងជាប់គ្នា មានតម្លៃថ្លៃជាងគុណនឹង២ដងនៃផ្ទះល្វែង ដែលស្ថិតនៅក្នុងគម្រោងជាមួយគ្នា មានទទឹងតូច៤ម៉ែត្រ ជាន់ផ្ទាល់មានទំហំវែង (សម្រាប់ដាក់ទំនិញ) មានដីសល់ខាងមុខផ្ទះពី៤- ៦ ម៉ែត្រ និងដីក្រោយផ្ទះជាន់ក្រោម ធ្វើពាណិជ្ជកម្ម និងជាន់លើសម្រាប់ស្នាក់នៅ។
ខាងលើជាចំណុចមួយចំនួន ដើម្បីលើកយកជូនលោក អ្នកដើម្បីកត់សំគាល់នៃភាពខុសគ្នានៃ ប្រភេទផ្ទះល្វែង និងប្រភេទផ្ទះអាជីវកម្ម។ ដូច្នេះ ប្រសិនបើលោកអ្នកមានបំណងទិញផ្ទះត្រូវ តែប្រាកដថាទិញយកមកស្នាក់នៅ ឬប្រកបរបរអាជីវកម្ម។
ជារួម ប្រភេទផ្ទះទាំងពីរមានលក្ខណៈខុសគ្នា លើចំណុចមួយចំនួនតូចប៉ុណ្ណោះ មិនថាអ្នកជ្រើសរើសលំនៅដ្ឋានមួយណាទេ អ្វីដែលសំខាន់ លោកអ្នកបានសិក្សាពីសក្តានុពល នៃគម្រោងលំនៅដ្ឋាននោះថា តើវាមានសក្តានុពលពិតប្រាកដឬយ៉ាងណា៕