ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសាងសង់លំនៅដ្ឋានរបស់ប្រទេសចិន នឹងបន្តធ្លាក់ចុះនៅឆ្នាំ២០២៤ ដែលជះផលអវិជ្ជមាន លើកំណើនសេដ្ឋកិច្ច និងបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការស្តារស្ថិរភាពសម្រាប់វិស័យនេះ មិនទាន់គ្រប់គ្រាន់នោះទេ។
ទស្សនៈខាងលើនេះ ជាការឯកភាពពីធនាគារវិនិយោគ និងឈ្មួញកណ្តាលមូលបត្រចំនួន១០ ដូចជា ក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន Morgan Stanley និងក្រុមហ៊ុន UBS Group AG ។
ប្រសិនបើទស្សនៈខាងលើពិតជាត្រឹមត្រូវ នោះវានឹងធ្វើឱ្យប្រទេសចិនស្ថិតនៅលើផ្លូវមួយ ឆ្ពោះទៅរកការដាំក្បាលចុះ លើសកម្មភាពសាងសង់អចលនទ្រព្យ អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ដែលជាកំណត់ត្រាមួយមិនធ្លាប់មាន។
ជាក់ស្តែង ការិយាល័យស្ថិតិជាតិ (NBS) បានរាយការណ៍ថា ការវិនិយោគរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍអចលនទ្រព្យ បានធ្លាក់ចុះក្នុងអត្រា៩,៤% ក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០២៣ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្នុងឆ្នាំ២០២២ ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ១០,០% ដែលជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៩៩។
ទស្សនវិស័យនេះបង្ហាញសញ្ញាថា ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន គឺមិនងាយនឹងបញ្ចប់ទៅវិញឆាប់ៗឡើយ បើទោះបីជារដ្ឋាភិបាលចិន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះយ៉ាងណាក្តី។
ក្រុមសេដ្ឋវិទូប្រចាំធនាគារ Goldman Sach ដឹកនាំដោយលោក Hui Shan បានធ្វើការព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យនៅប្រទេសចិន នឹងដាំក្បាលចុះ២ខ្ទង់នៅឆ្នាំក្រោយ។ ពួកគេបន្ថែមថា ការបន្តធ្លាក់ចុះនៃវិស័យអចលនទ្រព្យ នឹងកាត់បន្ថយកំណើន GDPរបស់ប្រទេសចិន។
ចំណែក ធនាគារ Morgan Stanley ព្យាករណ៍ថា នៅឆ្នាំក្រោយ ការវិនិយោគអចលនទ្រព្យ នៅប្រទេសចិននឹងធ្លាក់ចុះ៧% ខណៈធនាគារ UBS រំពឹងថាវានឹងធ្លាក់ចុះ៥% ។ លើសពីនេះធនាគារ China Merchants International ក៏រំពឹងថា ការវិនិយោគអចលនទ្រព្យនឹងធ្លាក់ចុះ៧%ផងដែរ។
លោក Ming Ming សេដ្ឋវិទូនៃក្រុមហ៊ុន Citic Securities Co Ltd និងសេដ្ឋវិទូផ្សេងទៀត លើកឡើងថា ហេតុផលសំខាន់ដែលនាំឱ្យមានភាពទុទិដ្ឋិនិយម ចំពោះការវិនិយោគលើអចលនទ្រព្យ គឺការធ្លាក់ចុះយ៉ាងខ្លាំង នៃគម្រោងអចលនទ្រព្យ ទើបចាប់ផ្តើមថ្មីនៅឆ្នាំ២០២៣។
លោកបន្តថា ហេតុផលមួយទៀត គឺការធ្លាក់ចុះនៃការលក់អចលនទ្រព្យ ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍គ្មានទំនុកចិត្ត ក្នុងការចាប់ផ្តើមសាងសង់។ ជាក់ស្តែង ទាំងធនាគារ Goldman និងធនាគារ UBS ព្យាករណ៍ថា ការលក់អចលនទ្រព្យនឹងធ្លាក់ចុះ៥% នៅឆ្នាំក្រោយ។
ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ អាចជះផលប៉ះពាល់រាលដាលកាន់តែធំ។ ដោយសារវិស័យនេះមានទំហំធំ ដូច្នេះសកម្មភាពសំណង់ធ្លាក់ចុះ គឺជាមូលហេតុចម្បង នាំឱ្យតម្រូវការក្នុងស្រុកថយចុះ ដែលជាមូលហេតុចម្បងមួយ ក្នុងចំនោមហេតុផលចម្បងផ្សេងទៀត ដែលរុញឱ្យប្រទេសចិនធ្លាក់ចូល ទៅក្នុងវិបត្តិបរិត្តផរណានៅឆ្នាំនេះ៕