ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលបានកំណត់មហិច្ឆតា ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ កម្ពុជាត្រូវចំណុចអាទិភាពសំខាន់ៗមួយចំនួន ដែលទាមទារឱ្យភាគីពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចបានចក្ខុវិស័យនេះ។
ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រយៈពេល៥ឆ្នាំ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
យុទ្ធសាស្ត្រនេះសម្រាប់រដ្ឋាភិបាលថ្មី នីតិកាលទី៧ គឺផ្តោតលើវិស័យសំខាន់ៗ៥ រួមមាន ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងឱកាសការងារ ការលើកកម្ពស់ភាពធន់ និរន្តរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការពង្រឹងសេដ្ឋកិច្ចឌីជីថល និងសង្គម។
សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការយុទ្ធសាស្ត្រនេះថា “ក្នុងរយៈពេល២៥ ឆ្នាំកន្លងមកនេះ កម្ពុជាបានផ្តោតលើការកសាងប្រទេសជាតិឡើងវិញ ក្នុងសម័យក្រោយសង្គ្រាម”។សម្តេចបន្តថា “រយៈពេល២៥ឆ្នាំខាងមុខ នឹងក្លាយជាវដ្តថ្មីមួយ ដើម្បីកសាងប្រទេសដ៏រឹងមាំ ឆ្ពោះទៅរកប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០”។ យុទ្ធសាស្ត្រនេះ មាន៥ដំណាក់កាល។ ដំណាក់កាលទី១ មានអាទិភាពចំនួន៥ គឺផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្តេចបានឱ្យដឹងផងដែរថា ដំណាក់កាលដំបូងនឹងដំណើរការដើម្បីធានាកំណើនសេដ្ឋកិច្ចដែលធន់នឹងវិបត្តិ បង្កើតការងារ កាត់បន្ថយភាពក្រីក្រ កែលម្អអភិបាលកិច្ច និងស្ថាប័នសាធារណៈ និងធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មានកត្តាសំខាន់ៗមួយចំនួនដែលអនុញ្ញាតឱ្យកម្ពុជា អាចសម្រេចចក្ខុវិស័យនៃមហិច្ឆតារបស់ខ្លួន គឺមានដូចជា ការរក្សាបាននូវសន្តិភាព ការបើកចំហគោលនយោបាយចម្រុះពណ៌ និងការពង្រឹងកត្តាខាងក្នុង។ លោកពន្យល់ថា ទី១ សក្តានុពលរបស់កម្ពុជា គឺសន្តិភាព បើគ្មានសុខសន្តិភាពទេ គឺយើងមិនអាចសម្រេចនូវគោលដៅរបស់យើងក្នុងការឈានទៅរកប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០បានទេ។
លោកបញ្ជាក់ថា “យើងត្រូវគិតថា បើប្រទេសមួយគ្មានសន្តិភាព និងកើតសង្គ្រាម តើអ្នកនឹងទាក់ទាញវិនិយោគិន និងប្រកបអាជីវកម្មដោយរបៀបណា?”។ លោកបន្តថា “ដូច្នេះកត្តាសំខាន់ដែលខ្ញុំហ៊ានវាយតម្លៃនោះ គឺការរក្សាបាននូវសន្តិភាព ដែលកន្លងមកយើងបានរក្សាសន្តិភាពទាំងនយោបាយ និងសេដ្ឋកិច្ចដែលធ្វើឱ្យយើងមានការរីកចម្រើន និងទាក់ទាញវិនិយោគិនបរទេស បានច្រើនដូចសព្វថ្ងៃនេះ”។ លោកបានបន្តថា សម្រាប់កត្តាទី២ គឺការបើកចំហគោលនយោបាយចម្រុះពណ៌ ដូច្នេះការបើកចំហគោលនយោបាយនេះ គឺរដ្ឋាភិបាលបានប្រកាសហើយថា កម្ពុជាមិនយកនរណាមួយជាបក្សសម្ព័ន្ធរបស់ខ្លួនទេ។លោកបានបន្តថា ដូច្នេះការបើកគោលនយោបាយនេះ គឺវាស្របនឹងការប្រកាន់ គោលនយោបាយពហុភាគីនិយមបច្ចុប្បន្ននេះ ដែលធ្វើឱ្យយើងបានចូលទៅក្នុងសកលភា វូបនីយកម្ម យើងមានមិត្តច្រើន យើងមានទីផ្សារច្រើន ដោយយើងបានចូលទៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) យើងចូលក្នុងតំបន់អាស៊ាន យើងចូលអង្គការពាណិជ្ជកម្មពិភពលោក យើងមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក អឺរ៉ុប ចិន រុស្ស៊ី ជប៉ុន និងកាណាដា ដូច្នេះការចូលរួមទីផ្សារទាំងអស់នេះគឺជាយុទ្ធសាស្ត្រមួយដ៏ល្អ។
កត្តាទី៣ លោកគី សេរីវឌ្ឍន៍បានលើកឡើងថា គឺកត្តាខាងក្នុងដែលចេញពីខ្លួនឯង មានន័យថា ការត្រៀមខ្លួនរបស់យើងរយៈពេល ៥ ឆ្នាំនៅក្នុងដំណាក់កាលរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភានេះ គឺចាប់ផ្តើមពីការពង្រឹងវិស័យអប់រំ និងមូលធនមនុស្សរយៈពេលវែង។ សម្រាប់រយៈពេលខ្លី គឺការបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១,៥ លាននាក់ ដូច្នេះយើងអាចមើលការកែទម្រង់ មូលធនមនុស្សពីកុមារតូចចេញពីបច្ចុប្បន្ននេះ រហូតគាត់ចប់ការសិក្សា គឺមានរយៈពេល១២ឆ្នាំទៀត អ៊ីចឹងមានន័យថា យើងត្រូវការ៣អាណតិ្តនៃរដ្ឋាភិបាលទៀតរហូតដល់២០៤០។ ដូច្នេះទម្រាំដល់ឆ្នាំ ២០៥០ កម្លាំងធនធានមនុស្សរបស់យើងដែលរៀបចំពីពេលនេះ ទៅគឺយើងនឹងមានរយៈពេល១០ឆ្នាំ សម្រាប់បង្កើនចំណូលជាតិ។
លោកគី សេរីវឌ្ឍន៍បានបញ្ជាក់ថា កម្លាំងពលកម្មរបស់យើង ដែលកំពុងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងអាណត្តិនេះ ១,៥ លាននាក់ និងអាណត្តិក្រោយអាចពង្រីកទៅ២ ទៅ៣ លាននាក់ ដូច្នេះចំនួនកម្លាំងពលកម្មជំនាញ នឹងកាន់តែមានសម្ទុះឡើង ដែលជាការទាក់ទាញវិនិយោគមួយដ៏សំខាន់ ដែលជាចលករជំរុញការផលិត។
លោកបញ្ជាក់ថា “យើងត្រូវយល់ថា បើកាលណាផលិតភាពរបស់យើងទាប និងបើទោះបីប្រាក់ឈ្នួលយើងទាបមែន ក៏វិនិយោគិនបរទេស គេនឹងមិនមកបណ្តាក់ទុននៅយើងឡើយ ដោយសារតែគេនឹងវាស់ថា គេចាយ១ដុល្លារលើពលកររបស់យើង តើយើងផលិតលុយឱ្យគេវិញបានប៉ុន្មានត្រឡប់ទៅវិញ?”។ លោកបន្ថែមថា “ដូច្នេះខ្ញុំជឿថាក្នុងឆ្នាំ ២០៥០ យើងនឹងមានកំណើនតាមរយៈភាពប្រសើរឡើងនៃការអប់រំនេះឯង”។
ចំណែកលោក Anthony Galliano អគ្គនាយកនៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Co., Ltd បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ច្បាស់ណាស់ជាសេដ្ឋកិច្ច ដែលមានដំណើរការល្អប្រសើរជាងគេ ដោយមានកំណើនមធ្យមក្នុងរង្វង់៧ ភាគរយក្នុងមួយឆ្នាំ មុនការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សបំផុតនៅក្នុងតំបន់។
លោកលើកឡើងថា “ខណៈពេលវិបុលភាព និងវឌ្ឍនភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ ដែលខ្លួនបានចាកចេញពីមូលដ្ឋានកម្រិតទាប គឺបំណងប្រាថ្នា ដើម្បីសម្រេចបានជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ គឺពិតជាគោលដៅប្រកបដោយមហិច្ឆតា”។ លោកបន្តថា “កម្ពុជានឹងតម្រូវឱ្យមានការបង្កើនល្បឿនខ្លាំងបំផុតការធ្វើពិពិធកម្ម និងបរិយាបន្នក្នុងការអភិវឌ្ឍសេដ្ឋកិច្ច”។
លោកបន្ថែមថា ដើម្បីសម្រេចបាននូវឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជាត្រូវសម្រេចបានប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (GNI) ឱ្យបានចំនួន៤៤៦៦ ដុល្លារ ដែលបច្ចុប្បន្នត្រូវបានគេរំពឹងថា មានប្រហែល១៧០០ ដុល្លារក្នុងឆ្នាំ ២០២៤។
GNI បានកើនឡើង៧,៥៩ភាគរយ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ពោលគឺ៣,២៧ភាគរយ កាលពីឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០២០ ធ្លាក់ចុះ១,៩២ភាគរយ កាលពីឆ្នាំ២០២០ ធៀបនឹងឆ្នាំ ២០១៩ និងកើនឡើង៩,៨៦ភាគរយ កាលពីឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ២០១៨។
ទោះបី GNI បានកើនឡើង១០ភាគរយ ក្នុង១ឆ្នាំក្នុងរយៈពេល ៧ឆ្នាំខាងមុខ ក៏GNIនឹងកើនដល់ ៣,៣ពា ន់លានដុល្លារអាមេរិកមានចំនួន២៥ភាគរយ ដែលមិនសម្រេចបានតាមទិសដៅកំណត់៤,៤ ពាន់លានដុល្លារអាមេរិក។ បើគិតក្នុងចំណោមប្រទេស១៩០ បច្ចុប្បន្នកម្ពុជានៅលេខរៀង១៥២ លើGNI ហើយមានតែប្រទេស១១៥ ប៉ុណ្ណោះ ដែលសម្រេចបានឋានៈជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឬប្រសើរជាងនេះ។
លោក Anthony Galliano បានថ្លែងថា “កម្ពុជាមានជំនាញ និងមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបាននូវឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ក្នុងការកំណត់នេះ តែងតែចង់កំណត់គោលដៅ ប្រកបដោយមហិច្ឆតាកាន់តែច្រើន”។លោកបញ្ជាក់ថា “ខ្ញុំមានទំនុកចិត្តថាគោលដៅនេះ នឹងអាចសម្រេចបាន ក្នុងចន្លោះឆ្នាំ ២០៣៣ ដល់ឆ្នាំ២០៣៥”។
លោកបន្តថា មូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលដាក់ចេញដោយរដ្ឋាភិបាលមុននិងទំនុកចិត្ត និងក្តីសង្ឃឹមប្រកបដោយមហិច្ឆតាក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី យើងមិនគួរវាយតម្លៃយើងសម្រេច មិនបាននោះទេ ដោយសារវាជារយៈពេលនៃវិបុលភាព និងសន្តិភាពប្រកបដោយបរិយាបន្ន និងនិរន្តរភាព៕