ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកវិភាគសេដ្ឋកិច្ច និងអ្នកធុរកិច្ចបានអះអាងថា វិស័យឧស្សាហកម្មកម្ពុជានៅក្នុងឆ្នាំ២០២៤ នេះនឹងបន្តបោះជំហានទៅមុខកាន់តែលឿន ខណៈកម្ពុជាបានទទួលគម្រោងវិនិយោគថ្មីៗជាច្រើន ។
យោងតាមឯកសារថវិកាសង្ខេប ឆ្នាំ២០២៤ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងងើបឡើងវិញ ហើយរំពឹងនឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ដែលនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់១៤,២៩៥៧ ប៊ីលានរៀល សមមូលនឹង៣៥,១៦៨លានដុល្លារអាមេរិក។
ស្របពេលផលទុនជាតិសរុបក្នុងស្រុក សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងនឹងកើនដល់២០៧១ ដុល្លារអាមេរិក បើធៀបនឹង១ ៩១៧ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ តាមការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានទ្រទ្រង់សំខាន់ជាងគេ ដោយវិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៥ ភាគរយ វិស័យសេវាកម្ម ៦,៩ ភាគរយ និងវិស័យកសិកម្ម១,១ ភាគរយ។
ឯកសារដដែលបានបញ្ជាក់ថា វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨,៥ភាគរយ ក្នុងឆ្នាំ ២០២៤ គឺប្រមាណ៥,០ភាគរយក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានកំណើនរឹងមាំ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ឯកសារនេះបានបង្ហាញឱ្យដឹងទៀតថា អនុវិស័យកាត់ដេរត្រូវបានរំពឹងថា នឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើងវិញនៃតម្រូវការសកល ពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន អាមេរិក និងសហភាពអឺរ៉ុបជាដើម។ ការដាក់ចេញ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ ២០២២-២០២៧” ក៏ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែម ក្នុងអនុវិស័យនេះផងដែរ។
យ៉ាងណាមិញ ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន អាមេរិក និងសហភាពអឺរ៉ុប អាចបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។
សម្រាប់អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នឹងនៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែកនឹងបន្តជំរុញ ដោយការរក្សាបានតុល្យភាពនៃផលិតកម្ម ដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុក កំណើនល្អប្រសើរនៃផលិតកម្ម បម្រើឱ្យការនាំចេញ។
និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះ លើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើ ផលិតផលសំខាន់ៗមួយចំនួនរួមមានបន្ទះសូឡា, សម្បកកង់, និងស្បែកសត្វមានរោមជាដើម។
ការកើនឡើងនៃគម្រោងវិនិយោគ និងការពង្រីកការវិនិយោគនៅកម្ពុជា ត្រូវបានលោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជវបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ការស្នើសុំ និងការអនុម័តគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ពីសំណាក់អាជ្ញាធរនារយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ បានផ្តល់ក្តីសង្ឃឹមយ៉ាងរឹងមាំចំពោះភាពរីកចម្រើនរបស់កម្ពុជា។លោកបន្តថា មូលហេតុដែលកម្ពុជាអាចទាក់ទាញការវិនិយោគថ្មីៗ និងការពង្រីកអាជីវកម្ម គឺដោយសារមានកត្តាសំខាន់ៗមួយចំនួនដូចជា ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ ច្បាប់វិនិយោគអំណោយផល និងជាពិសេសកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ នាំទំនិញទៅទីផ្សារធំៗ ដូចជា អាមេរិក កាណាដា និងអឺរ៉ុប។
លោកថ្លែងថា “ប្រាកដណាស់បើគ្មានប្រធានស័ក្តិ ណាមួយកើតឡើង គឺកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នេះនឹងបោះជំហានទៅមុខយ៉ាងរលូន ដោយឈរនៅលើមូលដ្ឋាន នៃការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យឧស្សាហកម្ម និងការនាំចេញទំនិញកាន់តែច្រើនទៅទីផ្សារអន្តរជាតិ”។ លោកបន្តថា សម្រាប់វិស័យផ្សេងៗទៀតដូចជា ទេសចរណ៍ និងកសិកម្ម ក៏នឹងមានភាពល្អប្រសើរដែរធៀបនឹងឆ្នាំ ២០២៣។
ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានប្រាប់ថា ក្នុងឆ្នាំ ២០២៤ នេះវិស័យឧស្សាហកម្មនឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត ពិសេសការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ ឧស្សាហកម្មកែច្នៃ ដែលកម្ពុជាបន្តទទួលបានភាពចំណេញ ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងRCEP ជាដើម។
លោកបន្តថា “ជាមួយគ្នានេះកម្ពុជា ក៏បានទទួលប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅទីផ្សារប្រទេសធំៗមួយចំនួនទៀតផងដែរ”។លោកបន្ថែមថា “កត្តាភូមិសាស្ត្រនយោបាយ ច្បាប់វិនិយោគ កម្លាំងពលកម្ម និងប្រព័ន្ធអនុគ្រោះពន្ធ នឹងជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ឱ្យចូលមកបណ្តាក់ទុនផ្ទាល់ ដើម្បីផលិតបំពេញតម្រូវការក្នុងស្រុក និងនាំទៅទីផ្សារអន្តរជាតិ”។តំបន់សេដ្ឋកិច្ចពិសេសនឹងជួយ ទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម និងរោងចក្រកាន់តែច្រើន ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន ដែលកំពុងសិក្សាលទ្ធភាពចាប់ដៃគូជាមួយវិនិយោគិនជប៉ុន លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ជប៉ុន បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសកំពុងជួយឱ្យកម្ពុជាទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ ឱ្យមកបើករោងចក្រដើម្បីផលិតនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបន្តថា “បច្ចុប្បន្នមានវិនិយោគិន ចម្រុះជាតិសាសន៍ជាច្រើនកំពុងបណ្តាក់ទុនលើវិស័យជាច្រើននៅកម្ពុជា”។លោកបានបង្ហើបថា “បច្ចុប្បន្នខ្ញុំកំពុងសិក្សាស៊ីជម្រៅ ជាមួយនឹងវិនិយោគិនជប៉ុនដើម្បីស្វែងរកក្រុមហ៊ុន ដែលមានលទ្ធភាពនៅក្នុងការកៀរគរក្រុមហ៊ុនជប៉ុនដទៃទៀត ឱ្យចូលមកបើករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន”។
យោងតាមឯកសារក្រសួងសេដ្ឋកិច្ច ក្រៅពីវិស័យឧស្សាហកម្ម នៅក្នុងឆ្នាំ២០២៤ នេះវិស័យសេវាកម្ម ត្រូវបានរំពឹងនឹងកើន៦,៩ ភាគរយ និងវិស័យកសិកម្មនឹងកើន១,១ភាគរយ៕