ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារចំពោះកិច្ច ពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមកិច្ចដឹកនាំរបស់ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតឱ្យមានក្រុមការងារ ចំពោះកិច្ចដោះស្រាយ លើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
អង្គប្រជុំក្រោមកិច្ចដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី បានជជែកពិភាក្សាយ៉ាងផុលផុស និងបានសម្រេចរៀបចំបេសកកម្ម ចុះពិនិត្យស្ថានភាព អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលឆាប់ៗខាងមុខ។
បន្ទាប់ពីការចុះពិនិត្យស្ថានភាព អាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ច គ្រោងនឹងជួបជជែកពិភាក្សា ជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សំដៅរួមគ្នាស្វែងរកដំដោះស្រាយសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ៕