ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃខុនដូ និងផ្ទះសហគមន៍ក្នុងសង្កាត់ Manhattan នៅទីក្រុងញូវយ៉ក បានកើនឡើង នៅចុងឆ្នាំ២០២៣ ជាលើកដំបូង ក្នុងរយៈពេលជាង១ឆ្នាំ នៅពេលដែលអត្រាការប្រាក់ លើកម្ចីទិញផ្ទះហក់ឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២៣ឆ្នាំ។
លើសពីនេះទៅទៀត តម្លៃខុនដូ និងផ្ទះសហករណ៍ ក្នុងសង្កាត់ Manhattan បានកើនឡើងក្នុងរយៈពេលបីខែ ចុងក្រោយនៃឆ្នាំ២០២៣ បើទោះបីជាការលក់ និងស្តុកអចលនទ្រព្យ(Inventory)បានធ្លាក់ចុះយ៉ាងណាក្តី។
តម្លៃលក់ជាមធ្យមសម្រាប់ផ្ទះសហករណ៍ (co-ops) និងខុនដូទាំងអស់គឺ១.១៥៦.៣៩១ដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ពោលគឺកើនឡើង៥,១% ធៀបនឹងឆ្នាំ២០២២ និងជាកើនឡើងប្រចាំឆ្នាំជាលើកដំបូង គិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២២។ចំណែក តម្លៃជាមធ្យមនៃអាផាតម៉ិន ដែលមានបន្ទប់គេងតែ១ ក្នុងសង្កាត់ Manhattan ដដែល គឺ៤៩៨.០០០ដុល្លារ ពោលគឺកើនឡើង១,៩% ធៀបនឹងឆ្នាំ២០២២។ តម្លៃជាមធ្យមសម្រាប់អាផាតម៉ិនដែលមានបន្ទប់គេងចំនួន៤ ឬច្រើនជាងនេះគឺ៦,៦៥លានដុល្លារ កើនឡើង៩,៩%។
ចំនួនលំនៅដ្ឋានដែលមានក្នុងស្តុកស្រាប់ នៅសង្កាត់ Manhattan បានធ្លាក់ចុះ៣,៥% ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែតម្លៃលំនៅដ្ឋាន ក្នុងសង្កាត់មួយនេះ នៅតែមានកម្រិតខ្ពស់ខ្លាំងដដែល។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការលក់លំនៅដ្ឋានដែលអតិថិជនបានទូទាត់ ជាសាច់ប្រាក់ឱ្យភ្លាមៗ បានកើនឡើងរហូតដល់ជាង២ភាគ៣ នៃការលក់សរុបនៅក្នុងត្រីមាសទី៤ឆ្នាំមុន ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រា។
ខណៈពេលដែលអត្រាការប្រាក់លើកម្ចី ទិញផ្ទះបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ប្រតិបត្តិការរបស់អតិថិជន ដែលទូទាត់សាច់ប្រាក់ភ្លាមៗ បានកើនឡើង១៧,៦% ដល់៦៨%ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ។
ចំណែកឯប្រតិបត្តិការរបស់អតិថិជន ដែលបានខ្ចីប្រាក់កម្ចីតាមរយៈការដាក់ទ្រព្យបញ្ចាំដើម្បីទិញផ្ទះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមកនៅត្រឹមតែ៣២%ប៉ុណ្ណោះ ៕