ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារ Fitch Ratings បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Apac) ជាទូទៅនឹងនៅតែមានភាពរឹងមាំ ក្នុងឆ្នាំ២០២៤នេះ ជាពិសេសនៅក្នុងប្រទេស ឬទីផ្សារដែលកំពុងរីកចម្រើន (EMs)។
ទីភ្នាក់ងារវាយតម្លៃខាងលើបានរំពឹងថា ផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម នឹងកើនឡើង៥% ឬលើសពី៥% ខណៈសេដ្ឋកិច្ចរបស់ប្រទេសចិននឹងនៅតែមានភាពរឹងមាំ បើគិតតាមស្តង់ដាររបស់ប្រទេសដទៃទៀត។
ជាមួយគ្នានេះ ទីភ្នាក់ងារ Fitch Ratings បានបង្ហាញការរំពឹងទុកខុសគ្នា សម្រាប់វិស័យធនាគារ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន(EM) និងទីផ្សារអភិវឌ្ឍន៍ (DM)។
ទីភ្នាក់ងារ Fitch Ratings បានបន្តថា កំណើនសេដ្ឋកិច្ចនៅប្រទេស ឬទីផ្សារដែលកំពុងរីកចម្រើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងជំរុញតម្រូវការប្រាក់កម្ចី និងកំណត់ផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានពីការដំឡើងអត្រាការប្រាក់ មកលើគុណភាពទ្រព្យសកម្ម។
-->
ជាមួយគ្នានេះ ការកើនឡើងនៃអត្រាការប្រាក់ នឹងជះផលប៉ះពាល់ដល់វិស័យធនាគារ របស់ប្រទេសអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខ្លាំងជាងនៅក្នុងប្រទេសដែលកំពុងរីកចម្រើន។ Fitch Ratings រំពឹងថា អនុបាតប្រាក់កម្ចីដែលមិនដំណើរការរបស់ទីផ្សារ ឬប្រទេសអភិវឌ្ឍន៍នឹងរងសម្ពាធក្នុងឆ្នាំ២០២៤នេះ។
ទីភ្នាក់ងារវាយតម្លៃក៏បានកត់សម្គាល់ផងដែរថា ភាពតានតឹងរវាងចិន និងអាមេរិកបានធូរស្រាលនាពេលថ្មីៗនេះ ប៉ុន្តែទីភ្នាក់ងារនេះរំពឹងថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ នឹងនៅតែមានបញ្ហាប្រឈម ដែលនឹងអាចនាំឱ្យក្រុមហ៊ុននានា បន្តធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេបន្ថែមទៀត។
ទីភ្នាក់ងារ Fitch Ratings បានគូសបញ្ជាក់ថា និន្នាការទាំងនេះអាចជាកត្តាសំខាន់មួយ សម្រាប់ទស្សនវិស័យក្នុងវិស័យជាច្រើន ជាពិសេសឧស្សាហកម្ម និងបច្ចេកវិទ្យា ហើយវាក៏អាចជះឥទ្ធិពលលើការវិនិយោគ និងចក្ខុវិស័យកំណើនសេដ្ឋកិច្ច របស់បណ្តាប្រទេសមួយចំនួនដូចជា សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាមផងដែរ។
លើសពីនេះ ទីភ្នាក់ងារ Fitch Ratings ក៏រំពឹងទុកថា កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរប្រភពថាមពល នឹងបន្តជំរុញការវិនិយោគក្នុងវិស័យជាច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាវិស័យអគ្គិសនី ធនធានធម្មជាតិ រថយន្ត និងលោហៈ៕ប្រភព៖The edge Malaysia៕