ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានរដ្ឋម៉ាឡាកា លោក Ab Rauf Yusoh បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋម៉ាឡាកាស្វាគមន៍អ្នកវិនិយោគមកពីប្រទេសចិនក្នុងវិស័យផ្សេងៗ ហើយយើងនឹងផ្តល់ការលើកទឹកចិត្តដល់ពួកគេដើម្បីទាក់ទាញការវិនិយោគ។
លោក Ab Rauf Yusoh បានថ្លែងដូច្នេះ ក្នុងឱកាសដែល លោកបានចូលរួមក្នុងសកម្មភាពផ្តល់ជំនួយផ្នែកអប់រំ ដែលរៀបចំឡើងនៅទីក្រុងម៉ាឡាកា ដោយក្រុមហ៊ុន Edra Power Holdings ដែលជាសាខារបស់ក្រុមហ៊ុន China General Nuclear Power Corporation។
ប្រធានរដ្ឋរូបនេះអះអាងថា លោកបានទទួលស្គាល់ការរួមចំណែកដ៏គួរឱ្យសរសើររបស់ក្រុមហ៊ុន Edra ដែលមិនត្រឹមតែផ្តល់នូវថាមពលប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋម៉ាឡាកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់អ្នកដែលប្រាថ្នាចង់រៀនសូត្រ និងសម្រេចបានជោគជ័យ។






