ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុលកាលពីថ្ងៃ ទី៦ ខែមករា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនក្រុងឈីងតាវ ក្នុងដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំៗជាច្រើនក្នុងក្រុងឈីងតាវ ដែលកំពុងសម្លឹងមើល ឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនាឱកាសនេះ លោកWang Luming បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី នូវសក្ដានុពលសំខាន់ក្នុងក្រុងឈីងតាវ ដូចជាភាពមមាញឹក នៃកំពង់ផែនិងចរាចរណ៍កុងតឺន័រ សកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម ក៏ដូចភាពលេចធ្លោលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។ ស្របតាមមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន និងការសហការកន្លងមករវាងកម្ពុជា និងក្រុងឈីងតាវ លោកបានបង្ហាញជំហរ ក្នុងការជួយជំរុញឱ្យមានកិច្ចការងារវិនិយោគ ព្រមទាំងមានកិច្ចសហប្រតិបត្តិការនានា បន្ថែមទៀត សំដៅបង្កើនភាពជិតស្និទ្ធ ក៏ដូចជា ដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជាផងដែរ។
ក្នុងអង្គប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនដល់ ឯកឧត្តមប្រធានគណៈកម្មា ធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ដែលបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនដល់ គណៈប្រតិភូកម្ពុជា។បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបលើការលើកឡើងអំពី ភាពជិតស្និទ្ធនៃមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ដែលនាំមកនូវកិច្ចសហប្រតិបត្តិការ និងកិច្ចការងារវិនិយោគ ជាច្រើន ហើយជាក់ស្ដែងប្រទេសចិន បានក្លាយជាប្រទេសទី១ ដែលវិនិយោគច្រើនជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។
កម្ពុជាមានគោលបំណងក្នុងការប្រែក្លាយ ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចចក្ខុវិស័យនេះ ទាមទារឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរតួរនាទីជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគិន ដើម្បីសម្រេចបាននូវភាពរីកចម្រើនរបស់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា។លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្ថែមផងដែរអំពី គំនិតផ្ដួចផ្ដើម រវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានកំណត់ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមថែមទៀត៕