សហរដ្ឋអាមេរិកគ្រោងដាក់ហោះហើរសាកល្បងយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសម្លេងនៅដើមឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅត្រីមាសទី១ នៃឆ្នាំ២០២៤នេះ ក្រុមហ៊ុន Boom Aerospace គ្រោងនឹងដាក់ហោះហើរសាកល្បងយន្តហោះ ដឹកអ្នកដំណើរ ដែលមានល្បឿនលឿនជាងសម្លេង ឈ្មោះ Overture ដែលអាចដឹកអ្នកដំណើរបានច្រើនផងដែរ។

យន្តហោះនេះ អាចធ្វើការហោះហើរពីទីក្រុងមីយ៉ាមី សហរដ្ឋអាមេរិក ទៅដល់ទីក្រុងឡុង ប្រទេសអង់គ្លេស ត្រឹមតែក្នុងរយៈពេល៥ម៉ោងប៉ុណ្ណោះ។ នេះបើយោងតាមកាសែត Le Figaro ចេញផ្សាយកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤។

យន្តហោះOverture របស់​ក្រុមហ៊ុន​អាមេរិក Boom Supersonic បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​រុញច្រាន១៦តោន ថែមទាំងអាច​ដឹក​អ្នកដំណើរ​បាន​ចន្លោះពី៦៥ ទៅដល់៨០នាក់។នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ Paris Air Show ចាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅ​ទីក្រុង​ប៉ារីស ក្រុមហ៊ុន Boom Supersonic ធ្លាប់បានប្រកាស​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នកផ្គត់ផ្គង់ថ្មីៗ និង​បង្ហើប​ឱ្យដឹងខ្លះៗអំពី​គម្រោង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង Overture និង​ម៉ាស៊ីន Symphony។

បណ្ដា​ដៃគូថ្មីៗរបស់ក្រុមហ៊ុន Boom Supersonic រួមមាន​ដូចជា ក្រុមហ៊ុន​អ៊ីតាលី Leonardo ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Aernnova និងក្រុមហ៊ុន Aciturri ជាដើម។

ក្រៅពីនេះ Boom Supersonic ក៏​ប្រកាស​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ហោះហើរ បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ក ឧបករណ៍​ចុះចត ក៏ដូចជា​ម៉ាស៊ីន​សម្រាប់​បំពាក់យន្តហោះ​នេះ​ផងដែរ។ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យន្តហោះ Overture ផងដែរ។ SAF គឺជា​ឥន្ធនៈ​អាកាសចរណ៍​ ដែល​ជាប្រភពថាមពលអាច​កកើត​ឡើងវិញ​បាន។

ល្បឿនរបស់យន្តហោះ Overture ត្រូវបានគេបញ្ជាក់ឲ្យដឹងថា គឺលឿនជាងយន្តហោះដឹកអ្នកដំណើរប្រភេទ Commercial រហូតដល់ទៅពីរដង ដែលវាជាយន្តហោះមានល្បឿនលឿនបំផុត នាពេលបច្ចុប្បន្ននេះ។

យន្តហោះនេះអាច​ហោះ​ក្នុង​ល្បឿន​អតិបរមា Mach 1.7 ពោលគឺលឿន​ជាង​សំឡេង១,៧ដង ឬ​ប្រហែល២.១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅពេល​ហោះ​លើ​សមុទ្រ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines ធ្លាប់បានប្រកាសកាលពីឆ្នាំ២០២២ថា ខ្លួននឹងទិញយន្តហោះ Overture រហូតដល់ទៅ២០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Boom Supersonic។

សម្រាប់តម្លៃសំបុត្រយន្តហោះក្នុងមួយកៅអី វិញគឺ១០.០០០ដុល្លារអាមេរិក សម្រាប់អ្នក ដែលមានបំណងចង់សាកភ្លក្សរសជាតិនៃការជិះយន្តហោះប្រភេទនេះដំបូងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here