ដោយ: គង់ លាងហួរ
អន្តរជាតិ: នាវាដ៏ប្រណីត Icon of the Seas គ្រោងចាប់ផ្តើមធ្វើដំណើរជាលើកដំបូងបង្អស់ ពីទីក្រុងម៉ៃអាមី (Miami) សហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែមករា បន្ទាប់ពីបានបញ្ចប់ជំហានចុងក្រោយនៃការត្រួតពិនិត្យសុវត្ថិភាព។
នាវាលំដាប់យក្សIcon of the Seas ត្រូវបានគេហៅថាជាកប៉ាល់ ឬនាវាទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Caribbean។
សារពត៌មាន CNN បានរាយការណ៍ថា កប៉ាល់ដែលមានប្រវែង៣៦៥ម៉ែត្រនេះ ត្រូវបានគេប្រទះឃើញថា បានមកដល់ទីក្រុង Ponce ប្រទេសព័រតូរីកូកាលពីសប្តាហ៍មុនសម្រាប់ “ការត្រួតពិនិត្យបទប្បញ្ញត្តិ” ដើម្បីរៀបចំការចេញដំណើរលើកដំបូងបង្អស់របស់ខ្លួន។នាវាទេសចរណ៍ខ្នាតយក្សនេះ មានសមត្ថភាពផ្ទុកភ្ញៀវបានរហូតដល់៥.៦១០នាក់ និងសមាជិកនាវិកចំនួន២.៣៥០នាក់ ដែលនឹងមកដល់ទីក្រុងម៉ៃអាមីនៅថ្ងៃទី៩ ខែមករានេះ។
នៅពេលនេះ នាវាដ៏ប្រណីត Icon of the Seas កំពុងរៀបចំដើម្បីទទួលស្វាគមន៍អ្នកដំណើរ សម្រាប់ការចេញដំណើរលើកដំបូងបង្អស់របស់ខ្លួន ដែលជាដំណើរកំសាន្តរយៈពេលប្រាំពីរថ្ងៃ នៅជុំវិញតំបន់ការីបៀន (Caribbean)។
យោងតាមក្រុមហ៊ុន Royal Caribbean បានគូសបញ្ជាក់ឱ្យដឹងថា នាវានេះនឹងផ្តល់ជូននូវដំណើរកំសាន្ត បែបផ្សងព្រេងនៅតំបន់ការីបៀនខាងកើត ឬខាងលិចពេញមួយឆ្នាំពីទីក្រុងម៉ៃអាមី ជាមួយនឹងកន្លែងទេសចរណ៍ ដ៏ពេញនិយមដូចជាប្រទេស Sint Maarten ប្រទេសMexico កោះSaint Thomas និងកោះឯកជនរបស់ក្រុមហ៊ុននេះ។
តម្លៃបន្ទប់អាចប្រែប្រួល អាស្រ័យលើកាលវិភាគ និងកាលបរិច្ឆេទធ្វើដំណើរ។ ការធ្វើដំណើរដែលមានតម្លៃខ្ពស់បំផុត គឺការជិះទូកកម្សាន្តនៅការីបៀនខាងលិច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយនឹងបន្ទប់ តម្លៃថោកបំផុតចាប់ពី១.៥៨១ដុល្លារឡើងទៅ ក្នុងមនុស្សម្នាក់ និងមួយឈុតតម្លៃ៣.៤៤៣ដុល្លារ ក្នុងមនុស្សម្នាក់។
ចំណែកឯ ដំណើរកំសាន្តរយៈពេល៧យប់ ទៅកាន់តំបន់ការាបៀន ភាគខាងកើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ មានតម្លៃបន្ទប់ចាប់ពី១.០០៧ដុល្លារក្នុងមនុស្សម្នាក់ ខណៈដែលបន្ទប់ដ៏ប្រណីតមានតម្លៃ២.៨៧៩ដុល្លារ៕ប្រភព៖VNExpress៕