NERCRATគ្រោងបោះទុនវិនិយោគទំហំ១០០០លានដុល្លារ នៅកម្ពុជា

0

ដោយៈ ស៊ីវ ម៉េង

ប្រទេសចិនៈ ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់(NERCRAT) ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេ​សចិន គ្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់១០០០លានដុល្លារនៅកម្ពុជា។

ព័ត៌មានដ៏ល្អនេះត្រូវបានបញ្ជាក់ ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល​បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទៅវិញទៅមក​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)​។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នា លើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ​។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើ​គម្រោង​វិនិយោគនៅ​កម្ពុជា។

ក្នុង​ដំណើរទស្សនកិច្ច លោក ស៊ុន ចាន់ថុល បានជួបជាមួយ​​ប្រធានក្រុមហ៊ុនធំៗនៅ​ក្នុងក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិន ​ដែលកំពុងសម្លឹងមើលឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា។ លោក​បាន​ចុះទស្សនកិច្ចរោងចក្រ នៃក្រុមហ៊ុននិងសហគ្រាសមួយ​ចំនួន​រួម​​មាន ទី១ ក្រុមហ៊ុន MESNAC ដែលជាក្រុមហ៊ុនផលិតនិងនាំចេញឧបករណ៍កែច្នៃកៅស៊ូធំមួយក្នុងប្រទេសចិន។

ទី២ ក្រុមហ៊ុន KenGic គឺជាក្រុមហ៊ុនដែលប្រតិបត្តិការលើដំណោះស្រាយប្រព័ន្ធផលិតកម្មឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងក៏ជាមូលដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ដែលផ្គត់ផ្គង់គ្រឿងចក្រ ទៅបណ្ដាក្រុមហ៊ុនធំៗនៅលើពិភពលោក និងប្រមាណជាង២០ប្រទេស ក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ។

ទី៣ Kinger Robot គឺជាសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលប្រតិបត្តិការរចនា ការផលិត ការលក់ និងសេវាកម្មឧបករណ៍ឆ្លាតវៃរបស់មនុស្សយន្ត ប្រព័ន្ធរោងចក្រឆ្លាតវៃ និងប្រព័ន្ធឃ្លាំង និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដែលបានផ្គត់ផ្គង់ផលិតផល ទៅក្រុមហ៊ុនធំៗជាច្រើនមានជាអាថិ៍ក្រុមហ៊ុន Huawei​ ក្រុមហ៊ុន Ford​ និងក្រុមហ៊ុន Toyota ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here