ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី កំពុងស្តារឡើងវិញនូវផែនការសាងសង់ជញ្ជាំងសមុទ្រខ្នាតយក្សមួយ ដែលជាវិធានការថ្មី ដើម្បីការពាររដ្ឋធានីហ្សាកាតារបស់ខ្លួន ពីការលិចទឹកជំនន់លឿនពេក។
លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចបានថ្លែងថា គម្រោងនេះនឹងតម្រូវឱ្យមានការសាងសង់ ចែកចេញជា៣ដំណាក់កាល ដែលបន្តអូសបន្លាយរហូតដល់ឆ្នាំ២០៤០។ លោករដ្ឋមន្ត្រីបានបន្តថា ដំណាក់កាលដំបូងចំនួន២ ត្រូវការថវិកាចំនួន១៦៤ទ្រីលានរូពៀ (ប្រហែល១០,៥ពាន់លានដុល្លារ) ប៉ុន្តែ លោកមិនបានបញ្ជាក់ថា ដំណាក់កាលទី៣ត្រូវការទឹកប្រាក់ប៉ុន្មាននោះទេ។
គំនិតនេះត្រូវបានគេបោះចោល អស់រយៈពេលជាង១ទស្សវត្សរ៍កន្លងមកហើយ។ ប៉ុន្តែសំណើសាងសង់ជញ្ជាំងសមុទ្រនេះ ត្រូវបានសសិក្សាឡើងវិញនាពេលថ្មីៗនេះ ខណៈទីក្រុងហ្សាកាតាបានក្លាយជាទីក្រុងមួយ ដែលងាយលិចទឹកយ៉ាងលឿន ជាងគេបំផុតនៅលើពិភពលោក។
ក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍ថា មួយភាគបីនៃរដ្ឋធានីហ្សាការតា អាចនឹងលិចទឹកជំនន់នៅឆ្នាំ២០៥០ ប្រសិនបើបញ្ហាត្រូវបានទុកចោល ដោយមិនបានត្រួតពិនិត្យ។
ទឹកជំនន់នៅទីក្រុងហ្សាកាតា ត្រូវបានគេប៉ាន់ប្រមាណថា នឹងបណ្តាលឱ្យមានការខាតបង់ ក្នុងទំហំទឹកប្រាក់ចំនួន២,១ទ្រីលានរូពៀក្នុងមួយឆ្នាំ ដែលការខាតបង់នេះ អាចកើនឡើងដល់១០ទ្រីលានរូពៀក្នុងមួយឆ្នាំ នៅទសវត្សរ៍ក្រោយ។
ដើម្បីពន្យឺតការលិចទឹក និងបន្ធូរបន្ថយសម្ពាធលើទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានរឹតបន្តឹងការទាញយកទឹកក្រោមដី។ ជាពិសេស រដ្ឋាភិបាលក៏កំពុងបង្កើតរដ្ឋធានីថ្មី តម្លៃ៣៤ពាន់លានដុល្លារ ដែលមានឈ្មោះហៅថា Nusantara នៅលើកោះ Borneo ផងដែរ៕ប្រភព៖Bloomberg៕