ដោយ: គង់ លាងហួរ
បាងកក: ក្រសួងពាណិជ្ជកម្មថៃ បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពន្លឿនដំណើរការ នៃការបន្តសិទ្ធិពន្ធគយក្រោមប្រព័ន្ធអនុ គ្រោះពន្ធទូទៅឡើងវិញ (GSP) សម្រាប់ផលិតផលរបស់ប្រទេសថៃ ដែលនាំចូលទៅកាន់ទឹកដីអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា ការបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ នឹងផ្តល់អត្ថប្រយោជន៍ ដល់សហគ្រិនទាំងនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក។ការអំពាវនាវខាងលើ បានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសជំនួបពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសថៃ លោក Robert F Godec នៅទីស្តីការរបស់ក្រសួងពាណិជ្ជកម្មថៃ។ សហរដ្ឋអាមេរិក បានផ្អាកការអនុគ្រោះពន្ធក្រោមប្រព័ន្ធ GSP លើផលិតផលថៃចំនួន៥៧៣មុខ នៅក្នុងខែមេសា ឆ្នាំ២០២០ ដែលបណ្តាលឱ្យផលិតផលថៃ ដែលនាំចូលទៅអាមេរិក ត្រូវបង់ពន្ធជាមធ្យមប្រមាណ៤,៧%។
ទន្ទឹមគ្នានេះ លោក Phumtham បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាដកប្រទេសថៃចេញពី “បញ្ជីឃ្លាំមើល” ស្តីអំពីការរំលោភកម្មសិទ្ធិបញ្ញា។ លោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលថៃក្នុងការធ្វើឲ្យប្រសើរឡើង នូវការការពារកម្មសិទ្ធិបញ្ញា និងដោះស្រាយកង្វល់របស់ភាគីពាក់ព័ន្ធនានា ទាក់ទិនទៅនឹងកម្មសិទ្ធិបញ្ញា។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញពីគោលនយោ បាយរបស់រដ្ឋាភិបាលថៃ ក្នុងការកែលម្អសេដ្ឋកិច្ច ដោយផ្តោតលើការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន បង្កើនប្រាក់ចំណូល និងបង្កើតតុល្យភាពសេដ្ឋកិច្ចនៅគ្រប់ភាគី រាប់ចាប់ពីកសិកររហូតដល់ក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់៕