ពាក្យចចាមអារ៉ាមៈ ធនាគារចិនមួយនឹងបើកដំណើរការនៅខេត្តព្រះសីហនុ ដើម្បីផ្តល់មូលនិធិដល់អាគារជាប់គាំង

0

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងថា​ ក្រុមហ៊ុនចិនមួយនឹងបើកដំណើរការធនាគារមួយ ដើម្បីផ្តល់មូលនិធិដល់ការសាងសង់ អាគារជាប់គាំងនៅខេត្តព្រះសីហនុ។

ប្រភពដដែលបានឲ្យដឹងទៀតថា ធនាគារនោះនឹងបើកដំណើរការឆាប់ៗនេះ ដោយបច្ចុប្បន្នធនាគារនេះបាន និងកំពុងរៀបចំនិតិវិធីច្បាប់ ដើម្បីបើកដំណើរការនាពេលខាងមុខនេះ។ ប្រភពដដែលបានបន្តថា អាគារជាប់គាំងនៅទីក្រុងនេះ ត្រូវការមូលនិធិជាច្រើន ដើម្បីសាងសង់ឡើងវិញ ពិសេសធ្វើឲ្យខេត្តនេះ មានសកម្មភាពរសរវើកឡើងវិញផងដែរ។

ខេត្តព្រះសីហនុ មានអគារជាប់គាំងរាប់រយ ដែលបានសាងសង់បញ្ចប់ និងមិនទាន់បញ្ចប់ការសាងសង់ជាង៣០០អាគារ ដែលនឹងសាងសង់បញ្ចប់ឡើងវិញនាពេលខាងមុខ។ព័ត៌មាននេះ ស្របនឹងការប្រកាសរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីសប្តាហ៍មុន។សម្តេ​ចធិបតីហ៊ុន ម៉ាណែតបានថ្លែងឲ្យដឹងក្នុងពិធីសម្ភោធស្ពានកោះយ៉ នៅខេត្តកោះកុងកាលពីថ្ងៃទី៨ មករាកន្លងមកថា កម្មវិធីគោលនយោ​បាយថ្មីនេះ គឺផ្តោតសំខាន់លើការជម្រុញសកម្មភាពធុរកិច្ច និងពាណិ​ជ្ជកម្មនៅក្រុងព្រះសីហនុ ឲ្យមានភាពរសរវើកឡើងវិញ។

សម្តេចបន្តថា “ឆ្នាំ២០២៤ជាឆ្នាំ សម្រាប់ជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ពិសេសការដោះស្រាយបញ្ហា អាគារជាប់គាំងនៅក្នុងទីក្រុងនេះ”។

រដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ចំនួន២ ទាក់ទងអាគារជាប់គាំងនៅក្រុងព្រះសីហនុ ដែលគោលការណ៍ទី១ គឺជម្រុញការសាងសង់អាគារដែលមិនទាន់​ចប់ នឹងសាងសង់បញ្ចប់ និងទី២ អាគា​រសាងសង់ចប់រួចអាចនឹងធ្វើឲ្យមានសកម្មភាពវិនិយោគ ឬធុរកិច្ច។

នៅខេត្តព្រះសីហនុ នាពេលប​ច្ចុប្ប​ន្ននេះ មានអាគារ៣៦៤អាគារបានផ្អាកការសាងសង់ អាគារចំនួន១៧៧សាងសង់រួចតែមិនដំណើរការ អាគារ៥៣កន្លែងកំពុងដំណើរការសាងសង់ និងអគារចំនួន៤៧៥កន្លែងបានសាងសង់រួច និងកំពុងដំណើរការ។

នៅចន្លោះឆ្នាំ២០១៦ ដល់២០១៩ ខេត្តព្រះសីហនុបានទាក់ទាញលំហូរទុនវិនិយោគពីបរទេស ប្រមាណ៨០០០លានដុល្លារអាមេរិក ដែលភាគច្រើនជាគំរោងវិនិយោគរបស់ចិន។

ទោះជាយ៉ាងណាអភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានបញ្ជាក់ថា លោកមិនបានដឹងព័ត៌មានទាក់ទង នឹងការបើកដំណើ​រការធនាគារ ដែលបានលើកឡើងខាងលើនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here