ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយរបស់អ្នកជំនាញជប៉ុន បានរកឃើញថា កម្ពុជា មិនមានសញ្ញានៃការរញ្ជួយដីឡើយ ដោយសារកត្តាសំខាន់ៗមួយចំនួន។
លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា ដែលបានអញ្ជើញចូលរួមស្តាប់ បទបង្ហាញរបស់អ្នកជំនាញជប៉ុនបានសម្តែងការសាទរ នឹងព័ត៌មានដ៏ល្អនេះ ដោយលោកលើកឡើងថា នេះជាព័ត៌មានដ៏ល្អមួយរបស់អ្នកសាងសង់ ដែលពួកគេអាចសន្សំសំចៃបានច្រើន លើគំរោងសំណង់នានារបស់ខ្លួន។
លោកបានបញ្ជាក់ថា “កន្លងមក មានការបារម្ភពីការរញ្ជួយដីអាចកើតមាននាពេលអនាគត ប៉ុន្តែពេលនេះព័ត៌មានមានភាពច្បាស់លាស់ហើយ ដោយកម្ពុជាមិនរញ្ជួយដីឡើយ”។ លោកបន្តថា “ការសិក្សាបានបង្ហាញថា កម្ពុជាមានស្រទាប់ដីក្រាស់ និងជាស្រទាប់ដីចាស់រាប់លានឆ្នាំ ដែលមិនអាចឲ្យកម្ពុជាប្រឈមមុខ នឹងបញ្ហារញ្ជួយដីឡើយ”។លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា ការសាងសង់ដែលការពារដល់ការរញ្ជួយដី ប្រៀបដូចជាការដុតលុយចោល ព្រោះការចំណាយការសាងសង់ ដើម្បីការពារការរញ្ជួយដី និងការសាងសង់ធម្មតាមិនការពារ មានតម្លៃខុសគ្នាចន្លោះពី២០ ទៅ៣០ភាគរយឯណោះ។
លោកសាស្រ្តាចារ្យបានបន្តថា នៅក្នុងបទដ្ឋានបច្ចេកទេស សម្រាប់ប្រទេសមានការរញ្ជួយដី គេកំណត់មេគុណបេតុង ដែក និងបទដ្ឋានសំណង់ដទៃទៀត ដែលធ្វើឲ្យមានការចំណាយខ្ពស់ ប៉ុន្តែប្រទេសមិនមានហានិភ័យពីការរញ្ជួយដី និងខ្យល់ព្យុះ គឺចំណេញច្រើន។
ព័ត៌មាននេះ ត្រូវបានសិក្សា និងធ្វើបទបង្ហាញដោយនាយកដ្ឋានស្រាវជជ្រាវទាក់ទង ការរញ្ជួយដីរបស់រដ្ឋាភិបាលជប៉ុន។ បទបង្ហាញនេះបានធ្វើនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១១ មករាកន្លងមកនេះ៕