ដោយៈ ជេស៊ីកា
ភ្នំពេញៈ ជាសច្ចៈភាព អ្នវិនិយោគចិន ពិតជាបានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរយ៉ាងសម្បើម ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
នៅកម្ពុជា ក្រៅពីវិស័យអចលនទ្រព្យ រដ្ឋាភិបាលនិងអ្នកវិនិយោគចិនបានចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា លើវិស័យសំខាន់ៗជាច្រើន ដូចជា វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ឋ វិស័យឧស្សាកម្ម វិស័យរ៉ែ និងវិស័យកសិកម្មជាដើម។
ប៉ុន្តែវិបត្តិកូវីដ១៩ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ស្ទើរតែដួលរលំ រួមទាំងប្រទេសចិនខ្លួនឯងផងដែរ។ នេះជាមូលហេតុធំ ដែលវត្តមានអ្នកវិនិយោគចិន មិនបានវិលមកកម្ពុជាក្នុងចំនួនច្រើនដូចមុន។លោកយិន លាងគង់អគ្គនាយកគេហទំព័រ Propertyarea.asia & Cambodiafinancialtimes.com ដែលបានតាមដានដំណើរវិវត្តន៍នៃវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យបានមានប្រសាសន៍ថា អ្នកវិនិយោគចិន បានធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា ហក់ឡើងដល់ចំណុចកំពូលមួយ ដែលស្ថានភាពនេះពិបាក ធ្វើឲ្យទីផ្សារងើបឡើងវិញដល់កម្រិតកំពូលសាជាថ្មី ដោយសារហេតុផលមួយចំនួនដូចជា ទី១ កំណើនខុនដូ លំនៅដ្ឋាន ក្នុងទីផ្សារអចលនទ្រព្យ ហាក់បានឆ្អែកនៅក្នុងទីផ្សារនេះ ទី២ លំហូរវិនិយោគិនបរទេស មកកាន់កម្ពុជានៅតែបន្តស្ងប់ស្ងាត់។
ទី៣ ផលចំណេញពីការវិនិយោគនៅកម្ពុជា បានធ្លាក់ចុះក្នុងកម្រិតទាបជាងមុន ទី៤ កំណើននៃតម្លៃអចលនទ្រព្យ មានភាពខុសគ្នាដាច់ស្រលះ ជាមួយនឹងផលចណូលប្រចាំឆ្នាំ របស់ប្រជាពលរដ្ឋម្នាក់ៗ ទី៥ អំណាចទីផ្សារនៅមានកម្រិត ដែលទាមទារឲ្យមានការធ្វើកំណែទម្រង់ច្រើន លើការិយាធិបតេយ្យ នៅក្នុងប្រព័ន្ឋការងាររដ្ឋាភិបាល។
តើចិនត្រលប់មកវិញឬទេ? លោកយិន លាងគង់បានពន្យល់ថា ការវិលត្រលប់មកកាន់កម្ពុជា របស់អ្នកធុរកិច្ចចិន អាចនឹងមកម្តងទៀត ប៉ុន្តែនៅពេលសមស្របណាមួយដែលសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ នៅប្រទេសចិនមានស្ថេរភាពជាមុនសិន។
លោកបន្តថា ហេតុផលដែលពួកគេ(អ្នកធុរកិច្ចចិន) នឹងត្រលប់មកវិញ ដោយសារហេតុផលមួយចំនួនទី១ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ មានភាពកាន់តែប្រសើរ ទី២ កត្តាសេដ្ឋកិច្ច និងបញ្ហាច្បាប់បទដ្ឋានគតិយុត្តិ នៅកម្ពុជាកាន់តែប្រសើរជាងនេះ។
ទី៣ ការចាប់ផ្តើមសាងសង់ឡើងវិញ នូវអគារជាប់គាំងក្នុងក្រុងព្រះសីហនុបញ្ចប់ ទី៤ ផលចំណេញពីការវិនិយោគ មានភាពប្រសើរឡើង នឹងទាក់ទាញអ្នកវិនិយោគចិន និងអ្នកវិនិយោគបណ្តាប្រទេសជាច្រើនទៀតត្រលប់មកកាន់កម្ពុជាជាថ្មី ទី៦ កំនើនសេដ្ឋកិច្ចកម្ពុជាមានភាពរ៉ឹងមាំ និងកំណើនពិតប្រាកដ៕