ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុន Samsung C&T ដែលជាក្រុមហ៊ុនសំណង់ដ៏ធំមួយ របស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ថា ខ្លួនបានបញ្ចប់ការស្ថាបនាអគារ ដែលមានកំពស់១១៨ជាន់នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី។
ក្រុមហ៊ុន Samsung C&T ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Samsung Group បានប្រកាសថា ពិធីបើកសម្ពោធអគារ Merdeka 118 ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី១០ ខែមករា ដែលនេះជាអគារខ្ពស់ជាងគេទី២ នៅលើពិភពលោក ដែលមានកម្ពស់៦៧៩ម៉ែត្រ និងមានទីតាំងស្ថិតនៅចំកណ្តាលនៃទីក្រុងគូឡាឡាំពួ។
ការសាងសង់អគារខ្ពស់កប់ពពក Merdeka 118 ត្រូវបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៤។
Merdeka 118 គឺជាអគារ និងរចនាសម្ព័ន្ធខ្ពស់ជាងគេបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa ដែលមានកម្ពស់៨២៨ម៉ែត្រនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលក្រុមហ៊ុន Samsung បានសាងសង់រួចរាល់ក្នុងឆ្នាំ២០០៩។
អគារ Merdeka 118 ដែលមានផ្ទៃក្រឡាខាងក្នុង(floor space)សរុបប្រហែល៦៧៣.៩០០ម៉ែត្រការ៉េ គឺជាអគារពហុមុខងារ ដែលរួមមានទាំងការិយាល័យ សណ្ឋាគារលំដាប់ខ្ពស់ និងផ្សារទំនើបចំនួនមួយផងដែរ។






