សញ្ញាវិជ្ជមាន: ឆ្នាំ២០២៤នេះ នឹងក្លាយជាចំណុចរបត់សម្រាប់ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម

0

ដោយ: គង់ លាងហួរ
ហាណូយ: អ្នកជំនាញបានអះអាងថា ទីផ្សារអចលនទ្រព្យវៀតណាមនឹងចាប់ផ្តើមស្ទុះងើបឡើងវិញ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤ ប៉ុន្តែការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពនឹងមិនអាចសម្រេចបានទេ រហូតទាល់តែដល់ត្រីមាសទី៣ ឆ្នាំ២០២៥ខាងមុខ។

យោងតាមរបាយការណ៍ថ្មីចុងក្រោយបំផុតរបស់ខ្លួនស្តីអំពីទីផ្សារ ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ និងវេទិកាទិញ-លក់ Batdongsan បានអះអាងថា នៅត្រីមាសទី៣ ឆ្នាំ២០២៤ នឹងក្លាយជា “ចំណុចរបត់”សម្រាប់ទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាម។

លោក Nguyen Quoc Anh អគ្គនាយករងរបស់ក្រុមហ៊ុនខាងលើបានលើកឡើងថា ការព្យាករណ៍នេះធ្វើឡើងដោយផ្អែកលើកត្តាជាច្រើន ដូចជាច្បាប់ថ្មីដែលចូលជាធរមាន កំណើនសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំក្រោយ និងទំនុកចិត្តរបស់អ្នកទិញ។លោកបានបន្តថា “ចំណុចរបត់” គ្រាន់តែជាសញ្ញាសម្គាល់ពីការបញ្ចប់នៃការធ្លាក់ចុះប៉ុណ្ណោះ ប៉ុន្តែការស្ទុះងើបឡើងវិញនឹងចាប់ផ្តើមដំណើរការល្អបន្ទាប់ពីនោះ។

លោក Michael Kokalari នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Vina Capital ជឿជាក់ថា ភាពអាក្រក់បំផុតសម្រាប់ទីផ្សារបានបញ្ចប់ ខណៈប្រតិបត្តិការទិញ-លក់បានកើនឡើងបន្ទាប់ពីធនាគារនានាបានកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះក្នុងខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ប្រជាជនក៏បានផ្លាស់ប្តូរបន្តិចម្តងៗពីការសន្សំដាក់ប្រាក់តាមធនាគារទៅវិនិយោគលើទីផ្សារភាគហ៊ុន និងអចលនទ្រព្យ ដែលជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារក្នុងឆ្នាំ២០២៤។

លោក Can Van Luc ប្រធានសេដ្ឋវិទូនៅធនាគាររដ្ឋ BIDV បានមានប្រសាសន៍ឱ្យដឹងថា ឆ្នាំ២០២៤ នឹងនាំមកនូវឱកាសសម្រាប់ទីផ្សារអចលនទ្រព្យ។

លោកបានបន្តថា ការបើកព្រំដែនឡើងវិញរបស់ប្រទេសចិន ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក លំហូរមូលធន ការជំរុញឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម កម្មវិធីស្តារសេដ្ឋកិច្ចសង្គម នឹងផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។

លោកបានបន្ថែមថា អតិផរណា និងបំណុលអាក្រក់របស់ប្រទេសវៀតណាមស្ថិតនៅក្រោមការគ្រប់គ្រងបាន ដែលការណ៍នេះនឹងជួយទាក់ទាញលំហូរមូលធនចូលទៅក្នុងទីផ្សារលំនៅដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here