(ស៊ីអាន)៖ លោក យៀ នីវពីង (Mr. YE Niuping) អភិបាលក្រុងស៊ីអាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងស៊ីអាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលផ្តោតសំខាន់ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍រវាងភាគីទាំងពីរ។
លោក ហេង ពៅ បានលើកឡើងអំពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជារួម និងទីក្រុងស៊ីអាន និយាយដោយឡែក ក្នុងគោលបំណង សុំឲ្យមានការបើកជើងហោះហើរត្រង់ ពីស៊ីអានមកកម្ពុជា ដើម្បីផ្លាស់ប្តូរវិស័យទេសចរណ៍រួមគ្នា លើកកម្ពស់សេដ្ឋកិច្ចរវាងប្រជាជនទាំងពីរ។
អគ្គកុងស៊ុលកម្ពុជា បានបន្តទៀតថា កម្ពុជាបន្តទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងទីក្រុងស៊ីអាន ជារួមរវាងកម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន ដ៏យូរអង្វែង និងជាមិត្តដែកថែប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។







