ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Group បង្ហាញថា អ្នកវិនិយោគអចលនទ្រព្យជាច្រើននៅតំបន់អាស៊ី គ្រោងលក់ទ្រព្យសម្បត្តិរបស់ពួកគេចេញ នៅឆ្នាំនេះ ស្របពេលមានភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ច។
ការស្ទង់មតិខាងលើរបស់ក្រុមហ៊ុន CBRE Group បានធ្វើឡើងទៅលើអ្នកវិនិយោគចំនួន៥១០រូប។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Bloomberg។
យោងតាមការស្ទង់មតិបានបង្ហាញថា ចំនួនជាង៤០% នៃអ្នកឆ្លើយតបបានលើកឡើងថា ពួកគេនឹងលក់ទ្រព្យសម្បត្តិ ឬអចលនវត្ថុ ចេញនៅឆ្នាំនេះ ដើម្បីទទួលបានផលចំណេញ និងទូទាត់សងបំណុល ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការស្ទង់មតិប្រចាំឆ្នាំបានចាប់ផ្តើមរៀបចំឡើង។
ជាមួយគ្នានេះ អ្នកវិនិយោគភាគច្រើន ដែលមានគោលបំណងលក់ទ្រព្យសម្បត្តិចេញ គឺជាអ្នកវិនិយោគអចលនទ្រព្យ ស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង។
លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុនCBRE បានអះអាងថា “វិនិយោគិនកំពុងរង់ចាំមើលសូចនាករដែលបង្ហាញថា វដ្តនៃការកំណត់តម្លៃឡើងវិញ(Repricing) នាពេលបច្ចុប្បន្នបានបញ្ចប់ មុនពេលដែលពួកគេបណ្តាក់ទុនច្រើន ខណៈការដំឡើងអត្រាការប្រាក់ នៅក្នុងទីផ្សារធំៗរបស់ពិភពលោកបានឈានដល់ទីបញ្ចប់”។
លោកបន្តថា “អ្នកវិនិយោគនៅក្នុងទីផ្សារភាគច្រើន នៅតំបន់អាស៊ី តែមិនរាប់បញ្ចូលប្រទេសជប៉ុន នឹងបន្តប្រកាន់យកនូវវិធីសាស្ត្រនៃការរង់ចាំមើល(wait and see)”។
ភាពទុទិដ្ឋិនិយមនៅក្នុងទីផ្សារអចលនទ្រព្យ របស់ទីក្រុងហុងកុង នៅតែបន្តអូសបន្លាយ និងមានសភាពធ្ងន់ធ្ងរជាងគេបំផុត បើធៀបនឹងទីផ្សារធំៗផ្សេងទៀត។ ការវិនិយោគនៅទីក្រុងហុងកុង បានធ្លាក់ចុះ មកនៅត្រឹមកម្រិតទាបបំផុត ក្នុងរយៈពេល១៥ឆ្នាំ ខណៈដែលអត្រាការប្រាក់ បានកើនឡើងដល់កម្រិតខ្ពស់បំផុត។
ផ្ទុយទៅវិញ ទីផ្សារអចលនទ្រព្យនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា ហាក់មានសញ្ញាវិជ្ជមាន ខុសពីទីក្រុងហុងកុង។ តួយ៉ាង ប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់ ជាគោលដៅកំពូល សម្រាប់ការវិនិយោគអចលនទ្រព្យឆ្លងដែន ចំនួន៥ឆ្នាំជាប់ៗគ្នាមកហើយ ខណៈអ្នកវិនិយោគនៅប្រទេសកូរ៉េខាងត្បូង ជាងពាក់កណ្តាល គ្រោងបង្កើនដើមទុនវិនិយោគទៅលើវិស័យអចលនទ្រព្យ។
ទន្ទឹមនឹងនោះ អ្នកវិនិយោគនៅតំបន់ចិនដីគោករំពឹងថា ពួកគេនឹងជួបប្រទះ បញ្ហាកាន់តែច្រើននៅឆ្នាំ២០២៤នេះ ស្របពេលដែលវិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសចិន មិនទាន់អាចរកឃើញច្រកចេញនៅឡើយ៕