ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ដែលចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៤ ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ាន AMRO បានរក្សាការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៦,២ភាគរយ នៅឆ្នាំនេះ។
ស្ថាប័នខាងលើអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករណ៍ក្នុងរង្វង់៦,២% គឺជាអត្រាខ្ពស់ជាងទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីកំណើនសេដ្ឋកិច្ចហ្វីលីពីន ដែលត្រូវបានព្យាករណ៍ក្នុងរង្វង់៦,៣ភាគរយសម្រាប់ឆ្នាំ២០២៤ដូចគ្នា។
ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ាន បន្តថា អត្រាអតិផរណានៅប្រទេសកម្ពុជា ក៏ត្រូវបានគេរំពឹងទុកផងដែរថា នឹងស្ថិតក្នុងកម្រិតស្ថិរភាពត្រឹម៣,១% នៅឆ្នាំ២០២៤នេះ។
ទោះជាយ៉ាងនេះក្តី ស្ថាប័ន AMRO បានក្រើនរំលឹកថា ការនាំចេញសេវាកម្មនៅទូទាំងតំបន់អាស៊ាន+៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) បានកើនលើសពីតម្លៃនៅចុងឆ្នាំ២០១៩ រួចទៅហើយ លើកលែងតែប្រទេសមួយចំនួន ដូចជាថៃ និងកម្ពុជាប៉ុណ្ណោះ ដោយសារប្រទេសទាំង២ ពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។

លោក Hoe Ee Khor ប្រធានសេដ្ឋវិទូរបស់ស្ថាប័ន AMRO បានលើកឡើងថា “ការងើបឡើងវិញនៃវដ្តបច្ចេកវិទ្យាសកលកំពុងចាប់ផ្តើមជះឥទ្ធិពលទៅក្នុងដំណើរការនាំចេញក្នុងតំបន់ ជាពិសេសសម្រាប់ការនាំចេញគ្រឿងអេឡិចត្រូនិក”។




