ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋាននៃប្រទេសថៃ (AOT) បានដាក់ចេញផែនការសាងសង់ ចំណតសម្រាប់យន្តហោះចុះចត នៅលើផ្ទៃទឹកសមុទ្រដំបូងគេបង្អស់ នៅក្នុងប្រទេសរបស់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិភូកេត។
AOT បានអះអាងថា ការសាងសង់ចំណតយន្តហោះថ្មីនេះ នឹងជួយបំពេញការកើនឡើងនៃតម្រូវការ ក្នុងវិស័យទេសចរណ៍តាមឆ្នេរសមុទ្រ ដូចជា នៅក្នុងប្រទេសដែនកោះម៉ាល់ឌីវ។
-->
យោងតាមសារពត៌មាន The Nation បានចុះផ្សាយថា ការសិក្សាមួយកំពុងត្រូវបានធ្វើឡើង សម្រាប់គម្រោងនេះ ដែលមានគោ លបំណងជំរុញភ្ញៀវទេសចរ ពីខេត្តភូកេត ទៅកាន់កោះ និងឆ្នេរក្នុងតំបន់ Andaman ព្រមទាំងពង្រីកសមត្ថភាព ព្រលានយន្តហោះផងដែរ។
ចំណែកឯការសិក្សាព័ត៌មានលម្អិតនៃគម្រោង និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) គ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។ ចំណែក ការដេញថ្លៃ សម្រាប់ការសាងសង់ចំណត ស្ថានីយយន្តហោះចុះចតលើផ្ទៃទឹក គ្រោងនឹងរៀបចំធ្វើឡើងនៅដើមឆ្នាំ២០២៥ខាងមុខ។
លោក Visanu Prasattongosoth ប្រធាន AOT បានមានប្រសាសន៍ឱ្យដឹងថា “គម្រោងនេះ នឹងក្លាយជាចំណតយន្តហោះចុះចតលើផ្ទៃសមុទ្រដំបូងគេបង្អស់ នៅក្នុងប្រទេសថៃ ដែលនឹងពង្រីកវិស័យទេសចរណ៍តាមឆ្នេរសមុទ្រ”។
លោក Visanu បានបន្តថា ខេត្ត Phang-Nga និងកោះ Samui របស់ប្រទេសថៃ ក៏ជាទីតាំងដ៏ស័ក្តិសម សម្រាប់សាងសង់ចំណតយន្តហោះចុះចត នៅលើផ្ទៃសមុទ្រផងដែរ ដោយសារភ្ញៀវទេសចរនិយមចូលចិត្ត ទៅកំសាន្តនៅតំបន់ទាំងនេះច្រើនណាស់។
លោកបានបន្ថែមថា ចំណតសម្រាប់យន្តហោះចុះចត លើផ្ទៃសមុទ្រនេះ អាចជំរុញឱ្យភ្ញៀវទេសចរកាន់តែច្រើន ធ្វើដំណើររវាងរម ណីយដ្ឋានភូកេត និងឈូងសមុទ្រដូចជាកោះ Samui ប៉ាតាយ៉ា និងហួហ៊ីនជាដើម៕