ដោយ: គង់ លាងហួរ
ឥណ្ឌា: ក្រុមហ៊ុនសំណង់កូរ៉េ Daewoo Engineering & Construction បានបញ្ជាក់ថា ខ្លួនបានបញ្ចប់គម្រោងសាងសង់ស្ពានឆ្លងកាត់សមុទ្រដ៏វែងបំផុតមួយ នៅក្នុងប្រទេសឥណ្ឌា ដែលបានសហការរួមគ្នាជាមួយក្រុមហ៊ុនឥណ្ឌា Tata Group។
នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអង្គារ ទី២៣ ខែមករា។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានបញ្ចប់ការសាងសង់ស្ពាន Mumbai Trans Harbor Link ប្រវែង២១,៨គីឡូម៉ែត្រ បន្ទាប់ពីបានចាប់ផ្តើមស្ថាបនានៅឆ្នាំ២០១៨ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនសំំណង់ Tata Projects ។
យោងតាមក្រុមហ៊ុនសំណង់កូរ៉េខាងត្បូង Daewoo E&C បានបញ្ជាក់ឱ្យដឹងថា Mumbai Trans Harbor Link គឺជាស្ពានដែលវែងបំផុតនៅក្នុងប្រទេសឥណ្ឌា គិតរហូតមកទល់ពេលបច្ចុប្បន្ននេះ។

គម្រោងនេះចំណាយថវិកាសរុប ប្រមាណ២,២ពាន់លានដុល្លារអាមេរិក។ ស្ពាននេះមានសមត្ថភាព ផ្ទុកយានជំនិះបាន៧០.០០០គ្រឿងក្នុងមួយថ្ងៃ ហើយត្រូវបានបើកសម្ពោធ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។




