ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មាន Khaleej Times បានចុះផ្សាយថា ប្រទេសឥណ្ឌា បានវ៉ាដាច់ទីក្រុងហុងកុងជាលើកដំបូង ដោយក្លាយជាទីផ្សារភាគហ៊ុនធំជាងគេបំផុតទី៤ នៅលើពិភពលោក។
ជាក់ស្តែង មូលប័ត្រទីផ្សាររបស់ប្រទេសឥណ្ឌា មានទំហំទឹកប្រាក់ចំនួន៤,៣៣ទ្រីលានដុល្លារ បើធៀបនឹងទីក្រុងហុងកុង ដែលមានមូលប័ត្រទីផ្សារ ត្រឹមតែ៤,២៩ទ្រីលានដុល្លារប៉ុណ្ណោះ។
-->
លោក Siddharth Balachandran នាយកប្រតិបត្តិក្រុមហ៊ុន Buimerc Corporation Ltd និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ផ្សារហ៊ុន BSE Ltd បានអះអាងថា កាលពីឆ្នាំ២០១០ ផ្សារហ៊ុនរបស់ប្រទេសឥណ្ឌា មានចំនួននៃការចុះបញ្ជី ត្រឹម១៨លាននាក់ប៉ុណ្ណោះ ខណៈបច្ចុប្បន្ន ចំនួនអ្នកវិនិយោគ ដែលបានចុះឈ្មោះនៅលើទីផ្សារឥណ្ឌាបានកើនដល់១៦០លាននាក់់។
ជាមួយគ្នានេះ ការវិនិយោគដោយប្រើប្រាស់វេទិកា ដែលមានការគ្រប់គ្រង ដូចជាផ្សារហ៊ុន កំពុងក្លាយជាចំណុចទាក់ទាញកាន់តែខ្លាំងឡើង ពោលគឺមិនត្រឹមតែវិនិយោគិនឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់វិនិយោគិនបរទេសធំៗផងដែរ។
ដោយឡែក បើក្រឡេកទៅមើលតម្លៃទីផ្សារសរុប នៃភាគហ៊ុនចិន និងហុងកុងវិញ បានដាំក្បាលចុះជាង៦ទ្រីលានដុល្លារ ចាប់តាំងពីឆ្នាំ២០២១ ខណៈការចុះបញ្ជីថ្មីនៅទីក្រុងហុងកុង ហាក់មិនមានការកើនឡើងឡើយ ដែលជាហេតុធ្វើឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅតំបន់អាស៊ីមួយនេះ បាត់បង់តំណែងជាទីផ្សារភាគហ៊ុន ធំជាងគេបំផុតទី៤ នៅលើពិភពលោក។
បច្ចុបន្ននេះ សហរដ្ឋអាមេរិក គឺជាទីផ្សារភាគហ៊ុនដ៏ធំបំផុតទី១ របស់ពិភពលោក ដែលមានទីផ្សារមូលបត្រ ចំនួន៥០,៨៦ទ្រីលានដុល្លារ បន្ទាប់មកគឺប្រទេសចិន ដែលមានទីផ្សារមូលបត្រចំនួន៨,៤៤ទ្រីលានដុល្លារ និងទីផ្សារមូលបត្ររបស់ប្រទេសជប៉ុន មានចំនួន៦,៣៦ទ្រីលានដុល្លារ៕