ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារពាណិជ្ជកម្មខ្ពស់កប់ពពកថ្មីមួយ ដែលមានឈ្មោះថា Burj Azizi នឹងក្លាយទៅជាសំណង់ខ្ពស់ជាងគេទី២ នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅពេលដែលការស្ថាបនាត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ។
អគារ Burj Azizi ត្រូវបានចាប់ផ្តើមសាងសង់ឡើង កាលពីពេលថ្មីៗនេះ ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកដ៏ល្បីឈ្មោះ Azizi Developments ដោយគ្រោងចំណាយទុនវិនិយោគ ប្រមាណ១,៥ពាន់លានដុល្លារ។
អគារ Burj Azizi គ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់ជាស្ថាពរ នៅត្រឹមដំណាច់ឆ្នាំ២០២៨ខាងមុខ។ នេះបើយោងតាមសារពត៌មាន Archinect។
ទោះជាយ៉ាងនេះក្តី ប៉មនេះមិនទាន់ដាក់ឈ្មោះស្ថាបត្យករ ឬបញ្ជាក់កម្ពស់របស់វា ឱ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែអគារនេះត្រូវបានគេរាយការណ៍មកថា នឹងរួមមានផ្សារទំនើប លំនៅដ្ឋានប្រណីត និងកន្លែងមើលទេសភាពពីលើកំពូលអគារ។
អគារ Burj Azizi នេះនឹងមានកំពស់១២២ជាន់ ដែលប្រជែងជាមួយអគារ Lotte World Tower និងអគារ China 117 Tower និងក្លាយជាសំណង់មួយ ក្នុងចំណោមសំណង់ទាំង៥ នៅលើពិភពលោក ដែលសុទ្ធតែមានកម្ពស់ខ្ពស់ជាង១២០ជាន់។
ទីតាំងសាងសង់អគារថ្មីនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអគារ Burj Khalifa នៅលើផ្លូវ Sheikh Zayed នោះទេ។ អគារ Burj Khalifa គឺជាអគារខ្ពស់ជាងបំផុតទី១ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុនអភិវឌ្ឍន៍ Azizi Developments បានលើកឡើងថា គម្រោងសាងសង់អគារ Burj Azizi ថ្មីនេះគឺជាអំណោយដល់ទីក្រុងឌូបៃ ដែលបានធ្វើឱ្យអាជីវកម្មរបស់ពួកគេ ទទួលបានភាពជោគជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍នៅតែបន្តស្វែង រកការអនុម័តលើសំណើកំណត់កម្ពស់របស់អគារនេះ ដែលត្រូវមានកំពស់យ៉ាងហោចណាស់១.៤៧៦ហ្វីត ដើម្បីនៅពេលការសាងសង់ បញ្ចប់រួចរាល់ Burj Azizi អាចកាន់កាប់តំណែង ជាអគារខ្ពស់ជាងគេទីពីរនៅក្នុងទីក្រុងឌូបៃ។
យោងតាមរបាយការណ៍មួយចំនួនបានទម្លាយឱ្យដឹងថា អគារ Burj Azizi អាចមានកំពស់លើស ពីអគារMerdeka 118 នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាអគារខ្ពស់ជាងគេទី២ របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ៕