កម្ពុជាឡើងមកឈរនៅលេខរៀងទី៨ ក្នុងនាមប្រទេសនាំចេញ សម្លៀកបំពាក់ធំជាងគេនៅលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាម​ទិន្នន័យ​របស់​អង្គការ ​ពាណិជ្ជកម្ម​ពិភពលោក(WTO)បានឱ្យដឹងថា កម្ពុជា​បានក្លាយ​ជា​មជ្ឈមណ្ឌល​នាំ​ចេញ​សម្លៀក​បំពាក់ដ៏ធំ ដោយ​ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​នាំ​ចេញ​ធំ​ជាង​គេ​ទី៨ របស់​ពិភពលោក​។​

ចំណាត់ថ្នាក់នេះ គឺជាសញ្ញាល្អគួរឱ្យកត់សម្គាល់ គិតចាប់តាំងពីឆ្នាំ២០២១ ដែលនៅឆ្នាំនោះ របាយការណ៍របស់អង្គការ WTO បានដាក់ប្រទេសកម្ពុជានៅចំណាត់ថ្នាក់ទី១១ ទាក់ទងនឹងទំហំនៃការនាំចេញសម្លៀកបំពាក់។

នៅឆ្នាំ២០២១ បណ្តាប្រទេសនាំចេញសម្លៀកបំពាក់កំពូលទាំង១០របស់ពិភពលោក រួមមាន ប្រទេសចិន សហភាពអឺរ៉ុប បង់ក្លាដែស វៀតណាម តួកគី ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហុងកុង និងប៉ាគីស្ថាន។នៅពេលនេះ លេខរៀងចំណាត់ថ្នាក់ មានការប្រែប្រួល ប៉ុន្តែ ប្រទេសចិន នៅតែជាប្រភពនាំចេញធំជាងគេដដែល ដោយគ្របដណ្តប់ ជាងមួយភាគបួននៃការនាំចេញ សម្លៀកបំពាក់របស់ពិភពលោក (៣១,៧ភាគរយ) បន្ទាប់មកគឺសហភាពអឺរ៉ុប (២៧,១ភាគរយ) បង់ក្លាដែស (៧,៩ភាគរយ) វៀតណាម (៦,១ភាគរយ) តួកគី (៣,៥ភាគរយ) ឥណ្ឌា (៣,១ ភាគរយ) ឥណ្ឌូនេស៊ី (១,៧ ភាគរយ) កម្ពុជា (១,៦ ភាគរយ) និងប៉ាគីស្ថាន (១,៥ ភាគរយ)។

បើក្រឡេកទៅមើលអំពីទំហំ នៃការនាំចេញសម្លៀកបំពាក់ កម្ពុជាទទួលបានចំណូល៩,១ពាន់លានដុល្លារ បើធៀបនឹងប្រទេសឥណ្ឌូនេស៊ី ដែលទទួលបានចំណូល១០,១ពាន់លានដុល្លារ និងវៀតណាមទទួលបានចំណូល៣៥,៣ពាន់លានដុល្លារ។

រដ្ឋាភិបាលកម្ពុជា ក៏បានផ្តោតការយកចិត្តទុកដាក់ជាថ្មី ទៅលើវិស័យនេះ ជាមួយនឹងការដាក់ចេញផែនការ ឧស្សាហកម្មរបស់កម្ពុជាសម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងសំលៀកបំពាក់ឆ្នាំ ២០២៣-២០២៧ (T&A ITM)។

ស្របពេលដែលមានការដាក់ចេញ នូវយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលកម្ពុជាមានសុទិដ្ឋិនិយមថា វានឹងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបរិយាកាសវិនិយោគ សម្រាប់វិស័យឧស្សាហកម្មមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here