ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) លោកស្រី ជា សិរីបានអះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤នេះ នឹងបន្តងើបឡើងជាមួយអត្រាអតិផរណាទាប។
លោកស្រីបានបន្តដោយរំលឹកថា កាលពីឆ្នាំ២០២៣កន្លងទៅនេះ ទោះជាសេដ្ឋកិច្ចពិភពលោក បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេសភាពតានតឹង នៃភូមិសាស្ត្រនយោបាយ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប។ ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី ប៉ុន្តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយពិលាសក្នុងការបន្តដំណើរលើមាគ៌ា ឈានទៅសម្រេចបាន តាមគោលដៅអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌។
លោកស្រីបញ្ជាក់ថា កំនើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣ បានកើនឡើងក្នុងអត្រា៥,៥% ដែលគាំទ្រដោយការបន្តងើបឡើងនៃវិស័យទេសចរណ៍ សន្ទុះកំណើនថ្មីនៃវិស័យកម្មន្តសាល មិនមែនកាត់ដេរសម្រាប់នាំចេញ កំណើនតម្រូវការក្នុងស្រុក ជាមួយនឹងការគាំទ្រក្នុងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចជា កំណើនចំណាយរាជរដ្ឋាភិបាល ការអនុគ្រោះផ្នែកសារពើពន្ធ និងការគាំទ្រពីប្រព័ន្ធធនាគារជាដើម។

ជាមួយគ្នានេះ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ។




