រូបភាពគម្រោងផ្សារទំនើប Olympia Mall
ដោយ គង់ សូរិយា
ភ្នំពេញ៖ ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយទៀត THE OLYMPIA MALL ដែលុំមានតម្លៃវិនិយោគ ៨០លានដុល្លារអាមេរិក នឹងបើកដំណើរការនៅក្នុងពេលឆាប់ៗនេះ ។

លោករីឆាយ វីនដាប្រធានផ្នែកប្រតិបត្តិនៃផ្សារទំនើប THE OLYMPIA MALL នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ កុម្ភៈនេះថា តាមគំរោងផ្សារនេះ នឹងបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបន្តថា ផ្សារទំនើបលំដាប់អន្តរជាតិនេះមានកំពស់ ៦ជាន់សំរាប់ដំណាក់កាលទី១ និងដំណាក់កាលទី២ នឹងចាប់ផ្តើមនៅជំហ៊ានបន្ទាប់។
-->
ផ្សារទំនើបនេះជាផ្នែកមួយនៃគំរោងអភិវឌ្ឍន៍ Olympia City ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏ធំមួយ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ ផ្សារទំនើបនេះ ស្ថិតនៅទល់មុខវត្តសំពៅមាស តាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកបន្តថា “ផ្សារទំនើបនេះនឹងមានការរៀបចំប្រព័ន្ឋការលក់ តាមស្តង់ដាអន្តរជាតិ និងលក់ផលិតផលល្បីៗ ដោយមិនលក់ផលិតផលដែលរំលោភកម្មសិទ្ឋបញ្ញាជាដាច់ខាត”។ លោកបន្តថា “សេវាកម្មធំជាច្រើននឹងមាននៅក្នុងផ្សារទំនើបនេះ ដូចជា រោងភាពយន្តអន្តរជាតិ សម្លៀកបំពាក់ អាហារនិងភេសជ្ជៈ និងគ្លីនីកកែសម្ឆស្សជាដើម”។
លោករីឆាតបានបន្តថា អ្វីដែលជាភាពទាក់ទាញនៅតំបន់នេះ គឺយើងមានស្ពានអាកាសកញ្ចក់ ដែលជាស្ពានមានជាលើកដំបូងនៅរាជធានីភ្នំពេញ និងតំបន់ផ្សារនេះស្ថិតនៅតំបន់ពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ធ្លាប់បានមានប្រសាសន៍ថា ការរីកចម្រើនផ្សារទំនើបនៅរាជធានីភ្នំពេញ មានសញ្ញាវិជ្ជមាន ដោយសារតែអំណាច នៃការទិញរបស់ប្រជាពលរដ្ឋកើនឡើង ពិសេសការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។ អ្នកនាងបន្តថា ទោះជាក្រុមហ៊ុនវិនិយោគផ្សារទំនើបកើនឡើង តែចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញ មិនទាន់លើសតម្រូវការនៅឡើយទេ ប៉ុន្តែបើចំនួនផ្សារទំនើបកើនឡើងយ៉ាងគំហុកដូចឆ្នាំ២០១៨ ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញអាចប្រឈមមុខនឹងលើសតម្រូវការ។

អ្នកនាងបន្តថា “បច្ចុប្បន្នផ្សារទំនើបកើនឡើងច្រើន តែពួកគេផ្តោតលើទីតាំង និងចំណែកអតិថិជនខុសៗគ្នា ហេតុនេះវាមិនមានបញ្ហានោះទេ”៕