ដោយ វុត្ថា
ភ្នំពេញ៖ ការអនុវត្តកម្មវិធីលើទឹកចិត្តដល់ធុរជន ដែលមានអនុលោមភាពខ្ពស់ គឺជាផ្នែកមួយ នៃការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។
កម្មវិធីនេះត្រូវបានអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុត នៅអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុនចំនួន១៣ ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) សម្រេចផ្តល់ជាបណ្តោះអាសន្ននូវសមាជិកភាពក្រុមធុរជនល្អបំផុត។ ជាជំហានបន្ត អគរ នឹងពិនិត្យលទ្ធភាពធ្វើការជ្រើសរើសសមាជិកបន្ថែមទៀត និងឈានទៅអនុវត្តពេញលេញនូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត (Authorized Economic Operator-AEO) តាមជំហាននៃយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មឆ្នាំ២០១៤-២០១៨ របស់ខ្លួន។
កញ្ចប់លក្ខណៈវិនិច្ឆ័យ
ដើម្បីអាចក្លាយជាធុរជនល្អបំផុតនៅកម្ពុជា ធុរជន ឬបុគ្គលពាក់ព័ន្ធត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
• ¬ស្ថិតក្នុងបញ្ជីធុរជនចំណាត់ថា្នក់លេខ១ (Rank 1) នៃប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជននាពេលដាក់ពាក្យស្នើសុំ។
• ជានីតិបុគ្គលដែមានដើមទុនចុះបញ្ជីមិនតិចជាង ១ពាន់លានរៀល
• មិនធ្លាប់ប្រព្រឹត្តបទល្មើសគយធ្ងន់ធ្ងរដោយចេតនាក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំ។
• មិនធ្លាប់ជំពាក់បំណុលពន្ធអាករគយហួសកាលកំណត់ ឬ បំណុលផ្សេងទៀតដែលមិនអាច សងបាន។
• អនុវត្តបានពេញលេញនូវកាតព្វកិច្ចគ្រប់គ្រងឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មាន ផ្សេងទៀតពាក់ ព័ន្ធនឹងការនាំចេញនាំចូលតាមបទប្បញ្ញត្តិជាធរមាន
• ត្រូវតែជាសាមាជិកនៃសហគមន៍ធុរកិច្ចណាមួយ ដែលមានការអនុញ្ញាត និងត្រូវមានការបញ្ជាក់ពី ប្រធានសហគមន៍ធុរកិច្ចនោះ ពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុនិងអនុលោមភាពរបស់ធុរជន។
• ត្រូវមានទំហំពាណិជ្ជកម្មនាំចេញ នាំចូលប្រចាំឆ្នាំ មិនតិចជាង២លានដុល្លារអាមេរិក និងមានកាតព្វកិច្ចធ្វើរបាយការតាមទម្រង់នានា ដែលកំណត់ដោយអង្គភាពគ្រប់គ្រងធុរជនល្អបំផុតនៃ អគរ ។