ដោយវុត្ថា
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) គ្រោងផ្តល់ប្រាក់កម្ចីចំនួន ៥៣ លានដុល្លាសហរដ្ឋអាមេរិក សម្រាប់អនុវត្ត «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» នៅដើមឆ្នាំ២០២០។
គម្រោងនេះ គ្រោងអនុវត្ត ក្នុងខេត្តគោលដៅចំនួន ៧ គឺខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង។
-->
លោកស្រី Anjali Acharya ប្រធានក្រុមការងារចំពោះកិច្ច ក្នុងការរៀបចំគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» នៅក្នុងជំនួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានៅថ្ងៃទី ទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេ បានបង្ហាញពីដំណើការ និងវឌ្ឍនភាពនៃការរៀបចំគម្រោង និងបានស្នើសុំអនុសាសន៍នានា ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ដែលជាគម្រោងកម្ចីពីធនាគារពិភពលោក មានទឹកប្រាក់ប្រមាណ ៥៣ លានដុល្លាសហរដ្ឋអាមេរិក សម្រាប់អនុវត្តនៅដើមឆ្នាំ២០២០ ក្នុងខេត្តគោលដៅចំនួន ៧ គឺខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានស្វាគមន៍ និងគាំទ្រចំពោះការរៀបចំឱ្យមានគម្រោងនេះឡើងរបស់គម្រោងរបស់ធនាគារពិភពលោក។
លោកបានលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅក្នុងដំណាក់កាលរៀបចំគម្រោង ដំណាក់កាលអនុវត្តគម្រោង និងក្រោយពេលបញ្ចប់គម្រោង ជាពិសេសគឺកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ការចូលរួមពីសហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផែនការ និងការអនុវត្តគម្រោង ធានាបាននូវប្រសិទ្ធិភាព និងប្រសិទ្ធផល ជាពិសេសគឺការធានាបាននូវនិរន្តរភាពរបស់គម្រោង៕