ដោយ វុត្ថា
ភ្នំពេញ៖ ការឆ្លងកាត់គយគឺជានីតិវិធីគយ ដែលអនុញ្ញាតឲ្យដឹកទំនិញ ពីការិយាល័យគយមួយទៅការិយាល័យគយមួយទៀត ក្រោមការត្រួតពិនិត្យរបស់គយដោយព្យួរពន្ធ និងអាករនាំចូល។ ការឆ្លងកាត់មានពីរ (២) ប្រភេទគឺ៖ ការឆ្លងកាត់ជាតិ និងការឆ្លងកាត់អន្តរជាតិ។
ការឆ្លងកាត់ជាតិ
ការឆ្លងកាត់ជាតិមានន័យថាជាការដឹកជញ្ជូនទំនិញពី ក) ការិយាល័យគយមាត់ច្រកចូលឆ្ពោះទៅកាន់ ការិយាល័យគយមួយទៀត ខ)ការិយាល័យគយមួយឬ ទីកន្លែងបញ្ចេញទំនិញពីគយដែលមាន ការអនុញ្ញាតទៅការិយាល័យគយមួយនាមាត់ច្រកចេញ និង គ)ការិយាល័យគយមួយឬ ទីកន្លែងបញ្ចេញ ទំនិញពីគយ ដែលមានការអនុញ្ញាតទៅការិយាល័យគយមួយទៀតឬ ទីកន្លែងបញ្ចេញទំនិញពីគយ ដែលមានការអនុញ្ញាតផ្សេងទៀតនៅក្នុងដែនគយ។
ការអនុវត្តនីតិវិធីឆ្លងកាត់ជាតិដូចខាងក្រោម៖
ក) ទំនិញនាំចូលឆ្លងកាត់ទៅផែស្ងួត
• ប្រតិបតិ្តករត្រូវទទួលការអនុញ្ញាតជាមុនពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករ(អគរ) ដើម្បីអនុវត្តនីតិវិធីនៃការឆ្លងកាត់គយ។
• ជើងសាគយត្រូវបំពេញប្រតិវេទន៍គយ បំព្រួញនៅការិយាល័យចេញដំណើរ
• មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
• កុងតឺន័រអាចត្រូវស្កែននៅការិយាល័យចេញដំណើរឬ ការិយាល័យគយណាមួយនៅភ្នំពេញ
• ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួន ដូចជា តម្រាយផ្លូវស្របច្បាប់ និងរយៈពេលឆ្លងកាត់ហើយកិបសៀលគយ។
• ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់
• មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅផែស្ងួត។
ខ) ទំនិញនាំចូលឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេស
• ប្រតិបតិ្តករត្រូវធ្វើលិខិតស្នើសុំទៅការិយាល័យចេញដំណើរ ដើម្បីដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិមកតំបន់សេដ្ឋកិច្ចពិសេស។ លិខិតស្នើសុំនេះត្រូវមានការបញ្ជាក់ពីតំណាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេស។
• ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
• មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
• ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួន ដូចជា តម្រាយផ្លូវស្របច្បាប់ និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ។
• ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់
• មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅតំបន់សេដ្ឋកិច្ចពិសេស។
គ) ទំនិញនាំចេញឆ្លងកាត់ទៅមាត់ច្រកចេញ
• មន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចប្រចាំការមាត់ច្រកចេញ ត្រួតពិនិត្យប្រក្រតីភាពនៃសៀលគយលើមធ្យោបាយដឹកជញ្ជូន ឬកុងតឺន័រឆ្លងកាត់ ដោយផ្ទៀងផ្ទាត់ជាមួយឯកសារឆ្លងកាត់។ ក្នុងករណីយល់ថា ពុំមានភាពមិនប្រក្រតី មន្រ្តីគយកាត់សៀលគយចេញ មុននឹងអនុញ្ញាតឲ្យដឹកជញ្ជូនចេញ។
• មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រក បោះត្រាបានកាត់សៀលគយរួច” និងចុះហត្ថលេខា លើកំណត់ហេតុរួមស្តីពី ការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ ដែលមានចុះហត្ថលេខារវាងមន្ត្រីគយ និងរដ្ឋាករនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្ត្រីកាំកុងត្រូល នៃការិយាល័យកាំកុងត្រូលផែស្ងួត។
ការឆ្លងកាត់អន្តរជាតិ
ការឆ្លងកាត់អន្តរជាតិ គឺជាការដឹកជញ្ជូនទំនិញពីការិយាល័យគយមាត់ច្រកចូល ចូលទៅក្នុងដែនគយ ឆ្ពោះទៅកាន់ការិយាល័យគយមាត់ច្រកចេញ ចេញទៅក្រៅដែនគយ។ ប្រតិបត្តិករត្រូវទទួលការអនុញ្ញាតពីអគរ ដើម្បីអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ និងត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម។
ក) នៅមាត់ច្រកចូល
• ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
• មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចត្រូវបំពេញក្នុងផ្នែកA និងCនៃប្រតិវេទន៍គយ។ ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌ មួយចំនួន ដូចជាតម្រាយផ្លូវស្របច្បាប់ និងរយៈពេលឆ្លងកាត់ហើយកិបសៀលគយ។
ខ) នៅមាត់ច្រកចេញ
• ប្រតិបត្តិករនីតិវិធីនៃការឆ្លងកាត់គយ ឬ តំណាងរបស់ខ្លួន បង្ហាញប្រតិវេទន៍គយបំព្រួញ ជូនដល់មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ច។
• មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនាមាត់ច្រកចេញ ត្រួតពិនិត្យនូវប្រក្រតីភាពនៃត្រា ឬសៀលគយលើមធ្យោបាយដឹកជញ្ជូន ឬ កុងតឺន័រឆ្លងកាត់។ ក្នុងករណីយល់ថាពុំមានភាពមិនប្រក្រតី មន្ត្រីគយនិង រដ្ឋាករ បញ្ជាក់នៅក្នុងផ្នែក D នៃប្រតិវេទន៍គយរួចកាត់ត្រា ឬសៀលគយចេញមុនអនុញ្ញាតឲ្យដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបី៕