អ្នកជំនាញ​លើកឡើង​ពី​សក្តា​នុ​ពល​អភិវឌ្ឍន៍​ក្នុង​ខេត្តកណ្តាល​

0

ដោយ ​រ៉ា​វី​

ភ្នំពេញ​៖​ ​ខណៈ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ​ឥទ្ឋិ​ពល​នេះ​បាន​ពង្រីក​ដល់​ខេត្តកណ្តាល​ ​ដែល​មាន​ភូមិ​សាស្រ្ត​ស្ថិតនៅ​ជាប់​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ធ្វើឲ្យ​ខេត្ត​នេះ​រីកចម្រើន​លឿន​ ​ព្រោះ​កត្តា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​ភូមិ​សាស្រ្ត​ ​និង​កត្តា​ប្រជា​សាស្រ្ត​។​

អគ្គនាយក​ក្រុមហ៊ុន Khmer​ ​Foundation​ ​Appraisal លោក​ឧកញ៉ា ​នួន​ ​រិទ្ឋី​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ចុង​សប្តាហ៍​មុន​ថា​ ​ខេត្តកណ្តាល​ ​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ជាង​បណ្តា​ខេត្ត​មួយចំនួន​ ​ដ្បិត​វា​មាន​វិសាលភាព​ធំ​ទូលាយ​ ​និង​នៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ប្រចាំ​ប្រទេស​។​ ​

លោក​បន្ត​ថា​ ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​ហ៊ុ​ព័ទ្ធជុំវិញ​ដោយ​ខេត្តកណ្តាល​ ​ដែល​ក្នុង​នោះ​ ​រួមមាន​តំបន់​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៦​ ​ផ្លូវ​លេខ៤៤​ ​និង​ផ្លូវ​លេខ៥១​ ​ដើម​។​ ​លោក​ឧកញ៉ា​បន្ត​ថា​ ​“​យើង​ឃើញ​ហើយ​ថា​ ​ខេត្តកណ្តាល​គឺ​មាន​សក្តា​នុ​ពល​ខ្លាំង​ ​ដែល​ក្រៅពី​មាន​វិសាលភាព​ធំ​ទូលាយ​ហ៊ុំ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ហើយ​នោះ​ ​គឺ​ថែមទាំង​មាន​ភាព​អំណោយផល​យ៉ាង​ប្រសើរ​ ​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ​”​។​ ​

លោក​បន្ត​ថា​ ​“​នៅក្នុង​ខេត្ត​មាន​អ្វី​ៗ​គ្រប់យ៉ាង​ ​ដែល​អាច​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​ដូចជា​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​មានផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​មាន​ផែស្ងួត​ ​មាន​រោងចក្រ​ ​សហ​គ្រាស​ធំៗ​ ​ឃ្លាំង​ផ្ទុកទំនិញ​នានា​ ​ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប្រណីត​ ​និង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ជាដើម​ ​ដែល​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​”​។​

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ​វា​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​គម្រោង​សាងសង់​ ​ព្រលា​នយន្​ត​ហោះ​មួយទៀត​ ​ដែល​ប្រការ​នេះ​កាន់តែ​ធ្វើ​ខេត្ត​នេះ​ ​មាន​សក្ដានុពល​កាន់​ខ្លាំង​ជាង​មុន​ទ្វេរ​ដង​ ​និង​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​ខេត្ត​មួយ​នេះ​ឡើង​កាន់​ខ្ពស់​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ ​ច្រឹក​ ​សុ​ខ​នី​ម​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​ភូមិ​សាស្រ្ត​ដែល​មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត​ ​កណ្តាល​គឺ​មាន​ច្រើន​ ​ដូចជា​ ​ស្រុក​ពញាឮ​ ​ដែល​ស្ថិតនៅ​ទិសខាងកើត​ ​ខាងជើង​ ​និង​ខាងលិច​ក្រុង​ ​ដែល​វិសាលភាព​ត្រូវ​បាន​លាតសន្ធឹង​រហូតដល់​តំបន់​ភ្នំ​រាប​ ​ភ្នំ​ប្រសិ​ទ្ឋ​ ​តំបន់​ផ្លូវ​ ​៥១​ ​តំបន់​ផ្លូវ៤៤​ ​។​ ​

ដោយឡែក​ចំពោះ​តំបន់​ ​ដែល​ស្ថិត​ទិសខាងត្បូង​រាជធានី​ភ្នំពេញ​ ​ក៏​មាន​សក្ដានុពល​ខ្លាំង​ផង​ដែរ​ ​ជាពិសេស​តំបន់​ដែល​នៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​ដែល​លាតសន្ធឹង​រហូតដល់​ស្រុក​ស្អាង​ ​និង​ទើបតែ​កាត់​ចូល​ចំណុះ​ក្រុង​តាខ្មៅ​ចំនួន៤សង្កាត់​ ​ដែល​កំពុងតែ​មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​ ​ជាពិសេស​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​តែម្ដង​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​ជាមួយគ្នា​នេះ​ ​បើ​យើង​ងាក​ទៅ​មើល​តំបន់​ ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​អង្គស្នួល​ ​ក៏​កំពុងតែ​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ផង​ដែរ​។​ ​

ទាំងអស់​នេះ​ ​វា​គឺជា​ភាពល្អ​ប្រសើរ​ ​ដែល​អាច​ទាក​ទាញ​នូវ​ការចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍ​នានា​ផង​ដែរ​ ​ដែល​ស្ទើរតែ​ប្រៀបបានទៅ​នឹង​កូនក្រមុំ​មួយ​ដ៏​ស្រស់​ស្អាត​នៅក្នុង​ក្រសែភ្នែក​អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​»​ ​។​ ​

អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​លោក​បណ្ឌិ​ត​វ៉ាន់​ ​វ៉ា​ត​ក៏បាន​ទទួលស្គាល់​ពី​ភាព​រីកចម្រើន​ ​និង​វឌ្ឍនភាព​យ៉ាង​លឿន​រហ័ស​របស់​ខេត្តកណ្តាល​ផង​ដែរ​។​ ​

លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ​ចំពោះ​ខេត្តកណ្តាល​គឺ​កំពុងតែ​មាន​សកម្មភាព​អ​ភិវ​ ​ឌ្ឍ​ជាច្រើន​ ​ក្នុង​នោះ​វិស័យ​អចលនទ្រព្យ​បាន​ដើរ​ឈានមុខ​ ​រាប់ទាំង​គម្រោង​ដែល​មានស្រាប់​ ​និង​កំពុង​ដំណើរការ​បញ្ចប់​គម្រោង​ ​ក៏ដូចជា​គ​ម្រោ​ង​ថ្មី​ៗ​ជាច្រើន​ទៀត​ ​ដែល​នឹង​អនុវត្ត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here