ដោយ វុត្ថា
ភ្នំពេញ៖ វិស័យគមនាគមន៍កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បើគិតត្រឹមចុងខែមករា ឆ្នាំ២០១៩ ស្ថិតិសេវាទូរគមនាគមន៍ ដែលបានចេញរបាការណ៍របស់ខ្លួន រួមមានដូចតទៅ៖
១) ចំនួនទូរស័ព្ទចល័ត សរុប ១៩.៤៩៨.៨៣១ ស៊ីមកាត ត្រូវនឹង ១១៧% ធៀបជាមួយចំនួនប្រជាជនសរុប ដែលប្រតិបត្តិការដោយ ៦ ក្រុមហ៊ុន។
២) ចំនួនទូរស័ព្ទអចល័ត (ប្រើប្រាស់ខ្សែ និងឥតប្រើប្រាស់ខ្សែ) សរុប ៨៦.៣៥៤ នាក់ ត្រូវនឹង ០,៥២% ធៀបជាមួយចំនួនប្រជាជនសរុប ដែលប្រតិបត្តិការដោយ ៧ ក្រុមហ៊ុន។
៣) ចំនួនអ៊ីនធឺណិតចល័ត សរុប ១៣.៦៨៧.១៥៧ ស៊ីមកាត ត្រូវនឹង ៨២,៦១% ធៀបជាមួយចំនួនប្រជាជនសរុប ដែលប្រតិបត្តិការដោយ ៧ ក្រុមហ៊ុន (ក្រុមហ៊ុនទូរស័ព្ទចល័តចំនួន ៦ ក្នុងចំណោម ៧ នេះ គឺជាអ្នកផ្តល់សេវាអ៊ីនធឺណិតចល័តនេះ)
៤) ចំនួនអ៊ីនធឺណិតអចល័ត សរុប ១៧២.៤១៤ នាក់ ត្រូវនឹង ១,០៤% ធៀបជាមួយចំនួនប្រជាជនសរុប ដែលប្រតិបត្តិការដោយ ៣៤ ក្រុមហ៊ុន។
៥) គណនីបណ្តាញសង្គមហ្វេសបុក មានចំនួនសរុបប្រមាណជា ៧ លានគណនី។
៦) ដោយឡែកគេហទំព័រ .kh មានចំនួនសរុប ៣.៤៦១ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩ ដែលក្នុងនេះ មានគេហទំព័ររបស់បណ្តាក្រុមហ៊ុន (.com.kh) ចំនួន ២.៧៣៩ គេហទំព័ររបស់បណ្តាក្រសួង ស្ថាប័នរដ្ឋ (.gov.kh) ចំនួន ២១៧ គេហទំព័ររបស់គ្រឹះស្ថានអប់រំ (.edu.kh) ចំនួន ២២៨ គេហទំព័ររបស់បណ្តាអង្គការ (.org.kh) ចំនួន ២២៨ គេហទំព័ររបស់បណ្តាក្រុមហ៊ុនទូរគមនាគមន៍ (.net.kh) ចំនួន ៤០ និងដទៃទៀតចំនួនប្រមាណ ១០៕