ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនផ្ទះដែលគេបោះបង់ចោល នៅក្នុងប្រទេសជប៉ុន កំពុងកើនឡើងយ៉ាងឆាប់រហ័ស ស្របពេលដែល ប្រទេសជប៉ុន ជួបប្រទះបញ្ហាកំណើនប្រជាជនវ័យចំណាស់ និងអត្រាកំណើតធ្លាក់ចុះ។
យោងតាមការស្ទង់មតិរបស់ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងបានឱ្យដឹងថា ចំនួនផ្ទះដែលគ្មានមនុស្សស្នាក់នៅ បានកើនឡើង១,៥ដង ដល់ប្រហែល៨,៤៩លានយូនីត ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ គិតត្រឹមឆ្នាំ២០១៨។
តួលេខនេះបង្ហាញថា ផ្ទះចំនួន១យូនីត ក្នុងចំណោមរាល់ផ្ទះចំនួន៨យូនីត គឺជាផ្ទះដែលគេទុកចោល ហើយចំនួនផ្ទះប្រភេទនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់២៣,០៣លានយូនីត នៅឆ្នាំ២០៣៨ខាងមុខ។
យោងតាមការស្ទង់មតិបង្ហាញថា ចំនួនប្រហែល៩០%នៃផ្ទះទុកចោលរយៈពេលវែង ដែលគេទុកចោលដោយមិនបានលក់ ឬជួល គឺជាប្រភេទផ្ទះទោល(single-family houses)។ ក្នុងចំណោមផ្ទះទាំងនោះ ផ្ទះប្រហែល៧០% ត្រូវបានសាងសង់មុនឆ្នាំ១៩៩០។
ជាមួយគ្នានេះ ចំនួនប្រហែល៥៩% នៃផ្ទះដែលគេបោះបង់ចោលទាំងនេះ ដែលបន្សល់ទុកដោយឪពុកម្តាយ ដល់កូនចៅជំនាន់ក្រោយ។ ប៉ុន្តែ ដោយសារហេតុផលផ្សេងៗ ដូចជា ចម្ងាយឆ្ងាយពីលំនៅដ្ឋានបច្ចុប្បន្ន។ ដូច្នេះ ពួកគេមិនអាចគ្រប់គ្រងថែរក្សាបានតទៅទៀត។
លើសពីនេះ រដ្ឋាភិបាលជប៉ុន បានបញ្ចុះពន្ធលើអចលនទ្រព្យ សម្រាប់ប្រភេទដីលំនៅដ្ឋាន ដែលការណ៍នេះបានជំរុញម្ចាស់ មិនឱ្យរុះរើផ្ទះទំនេរ ដើម្បីកាត់បន្ថយបន្ទុកពន្ធ និងនាំឱ្យចំនួនផ្ទះដែលគេទុកចោលកើនឡើងកាន់តែខ្ពស់។
ម្យ៉ាងទៀត ហានិភ័យដែលបង្កឡើងដោយផ្ទះទុកចោល ដែលគ្រប់គ្រងមិនបានល្អ រួមមាន ដូចជា ការដួលរលំដោយសារភាពចាស់ទ្រុតទ្រោម កង្វះអនាម័យ សោភ័ណភាព និងផលប៉ះពាល់អវិជ្ជមានទៅលើបរិយាកាសរស់នៅរបស់អ្នកស្រុក៕