ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកCambodia Angkor Airបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី១៦ មិនថុនាខាងមុខនេះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលោកស៊ីន ចាន់សិរីវុត្ថាបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា Cambodia Angkor Air បានត្រៀមខ្លួនរួចស្រេច ក្នុងការបើកជើងហោះហើររបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខណៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុញ្ញាតឱ្យបើកជើងហោះហើរត្រង់មកកម្ពុជា ចាប់ពីខែតុលា ឆ្នា២០២៤។
លោកបញ្ជាក់ថា “ថ្ងៃនៅទី១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៣ជើងក្នុងមួយសប្តាហ៍”។ លោកបន្ថែមថា “នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននេះនឹងបើកសម្ពោធជើងហោះហើរដំបូងជាផ្លូវការ នៅប្រទេសឥណ្ឌា ដើម្បីផ្សព្វផ្សាយបង្ហាញពីកម្មវិធីហោះហើរនេះ”។ ទាក់ទងនឹងកម្មវិធីហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo មកកាន់កម្ពុជា លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនរបស់ឥណ្ឌាមួយនេះ នឹងបើកការហោះហើរត្រង់ពីទីក្រុងញូវដេលី មកសៀមរាប និងពីប៉ុមបៃ មកសៀមរាប នៅខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ៧ជើងក្នុងមួយសប្តាហ៍។
លោកបញ្ជាក់ថា “ការចាប់ផ្តើមបើកជើងហោះហើរ ទៅមករវាងកម្ពុជា-ឥណ្ឌា នឹងក្លាយជាឱកាសដែលកម្ពុជា ទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបន្ថែម ស្របពេលឆ្នាំនេះ គឺជាឆ្នាំដែលកម្ពុជាបានរៀបចំយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១”។
ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ឥណ្ឌា ជាទីផ្សារទេសចរណ៍ដ៏ធំមួយ សម្រាប់ពិភពលោក បន្ទាប់ពីចិន។ ដូច្នេះហើយការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា គឺជាសញ្ញាណល្អមួយ ក្នុងការទាក់ទាញប្រជាជនឥណ្ឌា ធ្វើដំណើរកម្សាន្តមកកម្ពុជា។
លោកស្រីបានឱ្យដឹងថា បន្ទាប់ពីផែនការនៃការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ត្រូវបានផ្សព្វផ្សាយ សមាគមទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងទទួលបានការសួរនាំច្រើនពីការចូលមកលេងកម្ពុជា ពីសំណាក់ភ្ញៀវឥណ្ឌាទាក់ទងនឹងតម្លៃ និងសេវាកម្មនានា ក៏ដូចជាផលិតផលទេសចរណ៍”។
លោកស្រីបន្តថា ប្រសិនបើឥណ្ឌាចាប់អារម្មណ៍ត្រឹមតែ ៥% ទៅ១០% នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យទេសចរណ៍ ខណៈដែលកន្លងមកកម្ពុជា ទទួលបានភ្ញៀវឥណ្ឌា ក្នុងកម្រិតមធ្យមប៉ុណ្ណោះ ដោយសារតែគ្មានជើងហោះហើរត្រង់ ហើយអ្នកដែលមានលទ្ធភាព មិនចូលចិត្តការជិះយន្តហោះ ដែលមានផ្ទេរពីមួយទៅមួយនោះទេ។
លោកស្រីបញ្ជាក់ថា “ដូច្នេះហើយការហោះហើរត្រង់នេះ នឹងទាក់ទាញដល់ភ្ញៀវ ដែលមានសក្តានុពល និងភ្ញៀវដែលមានលទ្ធភាពច្រើនមកកម្ពុជា”៕
យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ នៅឆ្នាំ២០២៣កម្ពុជាទទួលភ្ញៀវទេសចរសរុបចំនួនជាង៥.៤លាននាក់ ក្នុងនោះមានភ្ញៀវឥណ្ឌាចំនួនជិត៧ម៉ឺននាក់។ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត១.៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌា២ម៉ឺននាក់៕